លោកជៀង អំ ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង៤ពាន់នាក់បិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត នៅក្រុងបានលុង

រតនគិរី ៖ លោកជៀង អំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី នាព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណ៤ពាន់នាក់ បិទយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតនៅក្រុងបានលុង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាឃោសនារកសំឡេងឆ្នោតនេះដែរ ក៏មានអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តរតនគិរី,លោកគិត ទ្រីបេក្ខជនពេញសិទ្ធិតំណាងរាស្ត្រមណ្ឌលរតនគិរីអាណត្តិទី៧, លោកញ៉ែម សំអឿនប្រធានគណៈកម្មាធិការបក្សខេត្ត , លោកណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការបក្សខេត្តព្រមទាំងលោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្ត និងក្រុមការងារចុះជួយក្រុងបានលុង,ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងបានលុងជាច្រើនរូបនិងមានសមាជិក សមាជិកាចូលរួមចំនួន៤,៤១៩នាក់(ស្រី២,១៧៥នាក់)។

នៅក្នុងឱកាសចុះឃោសនារកសំឡេងឆ្នោតលោកជៀង អំ ប្រធានក្រុមការងារចុះជួយខេត្តរតនគិរីបានថ្លែងអំពាវនាវដល់សមាជិក សមាជិកា របស់គណបក្សប្រជាជនទាំងអស់សូមកៀងគរបងប្អូនសាច់ញាតិឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា នៅលេខរៀងទី ១៨ ដើម្បីបន្តបានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្របេក្ខភាពលោកបណ្ឌិតហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថាក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតប្រើប្រាស់មធ្យោបាយរថយន្តចំនួន៣២៩គ្រឿង(ធុនតូច៣១៩គ្រឿង),ម៉ូតូចំនួន៩០៩គ្រឿង,កង់បីចំនួន៨គ្រឿង,រ៉ឺម៉កចំនួន៥គ្រឿង ។ រីឯសង្កាត់ទាំង៤ក្រុងបានលុងរួមមាន សង្កាត់ឡាបានសៀក,សង្កាត់កាចាញ,សង្កាត់បឹងកន្សែងនិងសង្កាត់យក្សឡោម ៕(ដោយ ចាប សំអាន)

Leave a Reply

Your email address will not be published. Required fields are marked *