បរទេស ៖ ក្រុមទាហានស៊ីឈ្នួលមកពីក្រុមហ៊ុនយោធារុស្ស៊ី Wagner បានចាប់ផ្តើមសមយុទ្ធរួមគ្នាជាមួយយោធាបេឡារូស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជិតមួយខែបន្ទាប់ពីការបះបោររយៈពេលខ្លីរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។ ចំណែកប៉ូឡូញបានបង្កើនកងទ័ពនៅព្រំដែនរបស់ខ្លួនជាមួយបេឡារូសដើម្បីឆ្លើយតបនឹងសមយុទ្ធមួយនេះ ។
ការធ្វើសមយុទ្ធនេះ យោងតាមការសន្យារបស់ប្រធានក្រុមហ៊ុន Wagner លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ដើម្បីជួយការពារប្រទេសបេឡារូសពីលទ្ធភាពឈ្លានពាននិងដើម្បីពង្រឹងកម្លាំងយោធារបស់ខ្លួន។ក្រសួងការពារជាតិបេឡារូសបាននិយាយថា «សមយុទ្ធរយៈពេលមួយសប្តាហ៍នឹងធ្វើឡើងនៅតំបន់បាញ់កាំភ្លើងនៅជិតទីក្រុងប្រេស (Brest) ក្បែរព្រំដែនប៉ូឡូញ»។
ចំណែកវីដេអូ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ហាក់បង្ហាញលោកព្រីហ្គោហ្ស៊ីនជាលើកដំបូងចាប់តាំងពីគាត់បានដឹកនាំការបះបោរកាលពីខែមុន។ វីដេអូនេះបានបង្ហាញរូបគាត់ប្រាប់កងទ័ពរបស់គាត់ថា «មុនពេលដាក់ពង្រាយទៅកាន់ទ្វីបអាហ្រ្វិក ពួកគេនឹងចំណាយពេលខ្លះនៅក្នុងប្រទេសបេឡារូស ដោយផ្តល់ការហ្វឹកហ្វឺនដើម្បីជួយ ធ្វើឱ្យកងទ័ពបេឡារូសក្លាយជាកងទ័ពខ្លាំងបំផុតទីពីរនៅលើពិភពលោក»។
នៅមុនពេលការបះបោបរាជ័យដឹកនាំដោយលោកព្រីហ្គោហ្ស៊ីន ទាហានស៊ីឈ្នួល Wagner បានប្រយុទ្ធរួមដៃជាមួយកងទ័ពរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ ពួកគេក៏ត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ីរី និងបណ្តាប្រទេសអាហ្រ្វិកមួយចំនួនទៀត ចាប់តាំងពីលោកព្រីហ្គោហ្ស៊ីនបានបង្កើតកងទ័ពឯកជននៅក្នុងឆ្នាំ ២០១៤។
ឯរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ ក៏បានដាក់ចេញការបង្កកទ្រព្យសម្បត្តិនិងបម្រាមធ្វើដំណើរលើទាហានស៊ីឈ្នួល Wagner ចំនួន ១៣ នាក់ជុំវិញការវាយប្រហារលើជនស៊ីវិលនិងការរំលោភសិទ្ធិមនុស្សផ្សេងទៀតនៅអាហ្វ្រិក។ ចំណែកអង់គ្លេសមុននេះបានដាក់ទណ្ឌកម្មលោកព្រីហ្គោហ្ស៊ីននិងមេបញ្ជាការ Wagner ជាច្រើននាក់ទៀត ជុំវិញតួនាទីរបស់ក្រុមនេះក្នុងការឈ្លានពានអ៊ុយក្រែន៕(ប្រែសម្រួលដោយ លោកសំណាង)