បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណីលួចម៉ូតូ

បន្ទាយមានជ័យ​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ នៅព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០២៣​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ចំណោម២នាក់ ក្នុងករណីលួចម៉ូតូ​ នៅចំណុចបន្ទប់ជួល​ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​ កាលវេលាម៉ោង០១និង៣០នាទីយប់ ថ្ងៃទី១៨កក្កដា ឆ្នាំ២០២៣។ 

ការឃាត់ខ្លួនជនសង្ស័យខាងលេី​យោងតាមបណ្តឹងរបស់ឈ្មោះ​ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ការឃាត់ខ្លួនជនសង្ស័យខាងលេី​យោងតាមបណ្តឹងរបស់ឈ្មោះ​ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំមានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកនួន​ នីណារ៉ូ​ បន្តថា​ កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា​ ZOOMER- X ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង ។ លុះព្រឹកថ្ងៃទី១៨ កក្កដា ជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែ ទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃចងភ្ជាប់នឹងទ្វារ​ ហេីយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ​ ពេលបេីកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង។ 

ក្រោយការឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានសារ​ភាពថា​ «ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ​ របស់ជនរងគ្រោះពិតប្រាកដមែន»។ ផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ជាក់ស្តែង​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ​ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី​។ 

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែកក្កដា​​​ ឆ្នាំ​២០២៣​ អនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ ម៉ូតូ​ ត្រូវបានកម្លាំងកងរាជអាវុហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញហេីយ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *