ម៉ូតូ២គ្រឿងបើកបុកគ្នាបណ្តាលឱ្យស្ត្រីម្នាក់ បាត់បង់ជីវិតនិងរងរបួស៣នាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតនិងបុរសបីនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូលឿនពេកបុកគ្នាយ៉ាងពេញទំហឹង កើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដាឆ្នាំ២០២៣ត្រង់ចំណុចស្ពានអាកាសចោមចៅ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះឈ្មោះស្រីណា អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រនៅកំបូល មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

ប្រភពពីបន្តថា ដំបូងឡើយគេឃើញបុរសម្នាក់ដឹកស្ត្រីម្នាក់ តាមរយៈម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JQ-9180 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានបុរសពីរនាក់ជិះម៉ូតូម៉ាកZOOMER X ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង1L-3086តាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅ ពីត្បូងមកជើងយ៉ាងលឿន ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីដែលជិះជាមួយបុរសម្នាក់ខាងម៉ូតូហុងដាឌ្រីមបាត់បង់ជីវិតភ្លាមៗ, ឯអ្នកឌុបរងរបួសស្រាល ,ចំណែកឯខាងម៉ូតូ Zoomer X រងរបួសធ្ងន់ទាំងពីរនាក់ភ្លាមៗត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិត។ 

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនូវការិយាល័យចរាចរណ៍រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ,ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *