យុវជនពីរនាក់ចេញពីក្លឹបស្ប៉ាយឌឺ មិនប្រយ័ត្នត្រូវបានរថយន្តកុងតឺន័របើកបុក

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិតនិងយុវជនម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូចេញពីក្លឹបយ៉ាងលឿនមិនប្រយ័ត្នត្រូវបានរថយន្តកុងតឺន័របុកអូសជាច្រើនម៉ែត្រ  កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ ២០២៣ត្រង់ចំណុចមុខក្លឹបស្ប៉ាយឌឺ ផ្លូវវែងស្រេង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាង ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពបន្តថា ដំបូងឡើយគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកស្កូពី ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JO-1627ចេញពីក្លឹបស្ប៉ាយឌឺ យ៉ាងលឿនស្រាប់តែមិនប្រយ័ត្នក៏ត្រូវបានរថយន្តកុងតឺន័រ ម៉ាកCOLUBIA ពណ៌ក្រហមប្រផេះ ស៊េរីឆ្នាំ២០០៦ ជាប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខកំពង់ចាម3A-3572 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវវែងស្រេង ទិសដៅពីកើតមកលិច យ៉ាងលឿន ក៏បានមកបុកពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់បាត់បង់ជីវិតនិងយុវជនម្នាក់ទៀតរងរបួសធ្ងន់ ហើយភ្លាមៗនោះអ្នកបើករថយន្តកុងតឺន័រត្រូវបានឃាត់ខ្លួន។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វេង យកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ, ចំណែកសពត្រូវបាមសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *