ឯកឧត្តម ស សុខា និងលោកជំទាវ ដឹកនាំរត់ម៉ារ៉ាតុន ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត»

ព្រៃវែង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាអធិបតីកម្មវិធីរត់ម៉ារ៉ាតុនក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីមខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីកីឡាករ កីឡាការិនី មន្ត្រីរាជការ កងកម្លាំង ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាស.ស.យ.ក. ខេត្តព្រៃវែង ប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត សរុបប្រមាណជា ១ ៣៥៧នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការរៀបចំកម្មវិធីរត់ម៉ារ៉ាតុន ក្រោមប្រធានបទ «តោះយើងនាំគ្នាទៅបោះឆ្នោត» នេះធ្វើឡើង ដើម្បីអបអរសាទរពិធីបិទការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែងឆ្នាំ២០២៣ និងជាពិសេសទៅទៀតគឺដើម្បីអបអរសាទរដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាព្រឹត្តិកាណ៍ដ៏មានសារៈសំខាន់ ៥ឆ្នាំមានម្តង ក្នុងការកំណត់នូវជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានអំពាវនាវដល់យុវជន យុវនារី សិស្ស និស្សិតទាំងអស់ គប្បីនាំគ្នាលេងកីឡាដើម្បីសុខភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងរួមចំណែកដល់យុទ្ធនាការជាតិស្តីពី «ប្រជាជនម្នាក់ ត្រូវលេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត»«កីឡារស់ក្នុងសន្តិភាព»។

ជាមួយគ្នានោះដែរ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនថែមទៀត៕(ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *