ក្នុងរយៈពេល១២ខែកន្លងទៅ មានបុគ្គលិករដ្ឋាភិបាលវៀតណាម ១៩.០០០ នាក់ឈប់ពីការងារ

បរទេស ៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃវៀតណាមបាននិយាយថា «មានបុគ្គលិករដ្ឋាភិបាលជិត១៩.០០០ នាក់បានឈប់ពីការងារ ចាប់តាំងពីខែកក្កដាឆ្នាំមុន»។ អត្រានៃការឈប់ប្រចាំខែចំនួន ១.៥៨២ នាក់ ដោយកើនឡើងពី ១.៣១៨ នាក់កាលពីពីរឆ្នាំមុន។

លើវិស័យអប់រំមានចំនួន ៥៤,២% នៃពួកគេ បន្ទាប់មកគឺវិស័យថែទាំសុខភាព (២៦,៥%)។ ភាគច្រើនមានអាយុក្រោម៥០ ឆ្នាំ (៨៦,២៥%) ដែលជិតពាក់កណ្តាល (៤៨,៦៥%) មានសញ្ញាប័ត្របរិញ្ញាបត្រ និង ១៥,៧% មានសញ្ញាប័ត្រអនុបណ្ឌិត។

នៅទីក្រុងហាណូយ និង ហូជីមិញមានចំនួនបុគ្គលិកឈប់ច្រើនជាងគេ ដែលសរុបមានចំនួន ៧.៣៣៦ នាក់។ វាបានក្លាយជានិន្នាការមួយទៅហើយ ដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ង្វៀន ទុយ ថាង (Nguyen Duy Thang) បាននិយាយកាលពីខែតុលាឆ្នាំមុនថា មូលហេតុចម្បងគឺប្រាក់ខែទាប និង កង្វះគោលនយោបាយដើម្បីទាក់ទាញអ្នកមានទេពកោសល្យ។

លោកង្វៀន ទុយ ថាង បន្តថា ជាលទ្ធផល មនុស្សជាច្រើនដែលមានជំនាញនិងចំណេះដឹងកំពុងជ្រើសរើសធ្វើការឱ្យក្រុមហ៊ុនឯកជន ដែលពួកគេត្រូវបានផ្តល់អត្ថប្រយោជន៍ប្រសើរជាង។

លើសពីនេះ ការខិតខំប្រឹងប្រែងដើម្បីសម្រួលបរិក្ខាររដ្ឋបាលនៅក្នុងទីក្រុងធំៗដូចជាហាណូយនិងហូជីមិញ ដែលនាំឱ្យទីភ្នាក់ងាររដ្ឋនានាកាត់បន្ថយប្រាក់បៀវត្សរ៍របស់បុគ្គលិក កំពុងនាំឱ្យមានការងារកាន់តែច្រើននិងសម្ពាធកាន់តែច្រើនសម្រាប់បុគ្គលិករដ្ឋទាំងនោះ ។

នៅក្នុងបទសម្ភាសន៍ជាមួយ VnExpress កាលពីខែមិថុនាកន្លងទៅ លោកស្រី ង្វៀន ធី ញូ អាន (Nguyen Thi Nhu An) អាយុ ៣៥ ឆ្នាំ ដែលធ្វើការនៅការិយាល័យគណៈកម្មាធិការប្រជាជនឃុំមួយក្នុងសង្កាត់បិញខាញ់ (Binh Chanh) នៃទីក្រុងហូជីមិញ បាននិយាយថា «សម្រាប់ប្រាក់ខែជាង ៦ លានដុង (២៥៨ ដុល្លារ) ក្នុងមួយខែ លោកស្រីត្រូវធ្វើការបន្ថែមទៀតលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ ហើយស្ទើរតែគ្មានពេលសម្រាប់គ្រួសារឬខ្លួនឯងនោះឡើយ»។

ចំពោះប្រាក់បៀវត្សរ៍មូលដ្ឋានសម្រាប់បុគ្គលិករដ្ឋាភិបាលត្រូវបានដំឡើងដល់ ១,៨ លានដុង (៧៦,៣២ ដុល្លារ) ចាប់ពីខែនេះតទៅ។ បន្ទាប់មក ប្រាក់ខែសរុបត្រូវបានគណនាដោយគុណនឹងមេគុណ ដែលអាស្រ័យលើកម្រិតរបស់បុគ្គលិកនៅក្នុងឋានានុក្រម។ ក្រោយការដំឡើងនេះមក ប្រាក់បៀវត្សរ៍សរុបអប្បបរមាត្រូវបានកំណត់ឱ្យកើនឡើងពី២០០.០០០-១៤,៤ លានដុង (៨,៥០-៦១០ ដុល្លារ)៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *