iPhone ជំនាន់ទី១ លក់ដេញថ្លៃបាន ១៩០.០០០ ដុល្លារ

បរទេស ៖ ទូរសព្ទ iPhoneជំនាន់ទី១ មានអាយុពីរទសវត្សរ៍ ដែលត្រូវបានចាត់ទុកថាជា «វត្ថុចង់បានបំផុត»ដោយអ្នកប្រមូលទិញឧបករណ៍ពី Apple បានលក់ដេញថ្លៃក្នុងតម្លៃកំណត់ត្រា ១៩០.០០០ ដុល្លារ។

ម៉ូដែលទំហំ ៤GB មិនទាន់បើកប្រអប់ ដែលគេពណ៌នាថាជា «របស់កម្របំផុត»ត្រូវបានទិញក្នុងតម្លៃខ្ពស់ជាង ៣០០ដងនៃតម្លៃដើម ៥៩៩ ពេលដែលវាត្រូវបានលក់នៅលើទីផ្សារក្នុងឆ្នាំ ២០០៧។ វាទំនងជានៅតែបិទក្នុងប្រអប់ ព្រោះបើមិនដូច្នេះទេ តម្លៃរបស់វានឹងធ្លាក់ចុះយ៉ាងខ្លាំង។

ចំពោះទូរសព្ទនេះមានអង្គផ្ទុកទិន្នន័យតិចជាងនាឡិកា Apple Watch និង មានអេក្រង់ត្រឹម ៣,៥ អ៊ីញ បើប្រៀបធៀបនឹង ៦,១ អ៊ីញនៅលើម៉ូដែលចុងក្រោយគឺ iPhone 14 Pro ។ ទូរស័ព្ទនេះត្រូវបានបង្ហាញជាលើកដំបូងកាលពី ១៦ ឆ្នាំមុន ដោយនាយកប្រតិបត្តិ Apple លោក ស្ទីវ ចប។ ទោះយ៉ាងណា ម៉ូដែល ៤GB ត្រូវបានបញ្ឈប់ត្រឹមតែពីរខែក្រោយមក ដោយសារតែការលក់មិនដាច់។

ទូរសព្ទនេះត្រូវ​បាន​អ្នក​ប្រមូល​ទិញ​តាមរកយ៉ាង​ខ្លាំង ​ព្រោះ​ទូរសព្ទប្រភេទបែបនេះ​មិនផលិត​ច្រើនទេ ហើយមានមនុស្សភាគច្រើនបានសម្រេចចិត្តទិញកំណែ ៨GB ដែលបានដាក់លក់ក្នុងពេលតែមួយ ព្រោះវាមានទំហំផ្ទុកទ្វេដងនិង មានតម្លៃលើសមុនត្រឹមតែ ១០០ ដុល្លារ។

ចំណែកការដេញថ្លៃសម្រាប់ iPhone ដ៏កម្រនេះបានចាប់ផ្តើមនៅតម្លៃ ១០.០០០ ដុល្លារ ហើយក្រុមហ៊ុនដេញថ្លៃLCG Auctions បានប៉ាន់ប្រមាណថា «ខ្លួននឹងអាចទទួលបានពី ៥០.០០០ដុល្លារទៅ ១០០.០០០ ដុល្លារ តែលក់បានរហូតដល់ ១៩០.០០០ ដុល្លារ បន្ទាប់ពីទាក់ទាញអ្នកដេញថ្លៃ ២៨ នាក់»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *