បរទេស ៖ មានការវាយប្រហារមួយកាលពីព្រឹកថ្ងៃចន្ទម្សិលមិញ បានបំផ្លាញស្ពានតភ្ជាប់ពីរុស្ស៊ីទៅកាន់គ្រីម៉េបណ្តាលឱ្យមនុស្សពីរនាក់បាត់បង់ជីវិតនិងកូនស្រីរបស់ពួកគេបានរងរបួស ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងមូស្គូដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងវិមានក្រឹមឡាំង ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដោយបង្ខំឱ្យមានការបិទបណ្តោះអាសន្នជាលើកទីពីរក្នុងរយៈពេលតិចជាងមួយឆ្នាំ។
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យបង្កើនសន្តិសុខនៅស្ពានកឺច (Kerch) ប្រវែង ១៩ គីឡូម៉ែត្រដោយរំលឹកឡើងវិញនូវការអំពាវនាវដែលគាត់បានធ្វើនៅក្នុងខែតុលា ឆ្នាំ២០២២ នៅពេលដែលស្ពាននេះបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការបំផ្ទុះ ដែលរដ្ឋាភិបាលក្រុងមូស្គូក៏បានបន្ទោសទៅលើរដ្ឋាភិបាលក្រុងគៀវដែរ ហើយលោកក៏បានសន្យាដែរថា «នឹងមានការឆ្លើយតបពីរុស្ស៊ីយ៉ាងពិតប្រាកដ»។
លោកពូទីនបាននិយាយនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយក្រុមមន្ត្រីថា «អ្វីដែលបានកើតឡើងគឺជាអំពើភេរវកម្មមួយផ្សេងទៀតនៃរបបក្រុងគៀវ ។ តាមន័យយោធា វាជាឧក្រិដ្ឋកម្មគ្មានន័យ វាមិនមានសារៈសំខាន់អ្វីទេ ពីព្រោះស្ពានគ្រីម៉េមិនត្រូវបានប្រើប្រាស់ជាមធ្យោបាយយោធាយូរមកហើយ ហើយវាព្រៃផ្សៃ ពីព្រោះជនស៊ីវិលដែលគ្មានកំហុសត្រូវបានរងរបួសនិងស្លាប់»។
ចំពោះចរាចរណ៍យានយន្តនៅលើស្ពានបានឈប់ដំណើរការកាលពីថ្ងៃចន្ទ ខណៈចរាចរណ៍ផ្លូវដែកក៏ត្រូវបានផ្អាកប្រហែល ៦ ម៉ោងផងដែរ។ បើតាមរូបភាពផ្កាយរណប ដែលថតបាននៅព្រឹកថ្ងៃចន្ទដោយ Maxar Technologies បានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៅគន្លងខាងកើត និងគន្លងខាងលិចនៃស្ពានឆ្លងកាត់ច្រកសមុទ្រកឺច នៅផ្នែកដែលនៅជិតដីគោករបស់រុស្ស៊ី ដោយយ៉ាងហោចណាស់ផ្នែកមួយបានដួលរលំ។ ស្ពានដែកដែលរត់ស្របទៅនឹងស្ពានហាក់មិនមានការខូចខាតទេ៕ (ប្រែសម្រួលដោយ លោកសំណាង)