ពូទីននិយាយថា«រុស្ស៊ីមានគ្រាប់បែកចង្កោមគ្រប់គ្រាន់ក្នុងឃ្លាំង»

បរទេស ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញថា «រដ្ឋាភិបាលក្រុងមូស្គូមាន ឃ្លាំងស្តុកគ្រាប់បែកចង្កោមគ្រប់គ្រាន់»ហើយបានព្រមានថា «រុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការវាយបកវិញ ប្រសិនបើអ៊ុយក្រែនប្រើប្រាស់អាវុធដ៏ចម្រូងចម្រាសនេះ»។

ការអត្ថាធិប្បាយដំបូងរបស់លោកពូទីន ស្តីពីការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យអ៊ុយក្រែនពីសហរដ្ឋអាមេរិក លោកបាននិយាយថា «រុស្ស៊ីមិនទាន់បានប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមជាមួយអ៊ុយក្រែនទេ រហូតមកដល់ពេលនេះ។រហូតមកដល់ពេលនេះ យើងមិនបានធ្វើវាទេ យើងមិនបានប្រើវា ហើយយើងមិនមានតម្រូវការបែបនេះទេ»។

ការប្រើប្រាស់គ្រាប់បែកចង្កោមដោយទាំងរុស្ស៊ី និង អ៊ុយក្រែនត្រូវបានកត់ត្រាយ៉ាងទូលំទូលាយ រួមទាំងដោយទីភ្នាក់ងារសារព័ត៌មាន Associated Press និង អង្គការមនុស្សធម៌អន្តរជាតិ ឃើញថា គ្រាប់បែកចង្កោមត្រូវបានរកឃើញបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។

លោក ផាវែល ហ្សារូប៊ីន (Pavel Zarubin) អ្នកយកព័ត៌មានរបស់ទូរទស្សន៍ Rossiya បានចុះផ្សាយសម្រង់ការសម្ភាសនេះទៅកាន់ប៉ុស្តិ៍ Telegram របស់គាត់កាលពីថ្ងៃអាទិត្យ មុនពេលការផ្សាយ តាមកាលវិភាគនៅយប់ថ្ងៃអាទិត្យ។

ចំណែកមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «គ្រាប់បែកចង្កោម ដែលផ្តល់ដោយសហរដ្ឋអាមេរិកបានទៅដល់អ៊ុយក្រែនហើយ»។ គ្រាប់ចង្កោមត្រូវបានអាមេរិកមើលឃើញថា ជាមធ្យោបាយមួយដើម្បីឱ្យរដ្ឋាភិបាលក្រុងគៀវទទួលបានគ្រាប់ចាំបាច់ខ្លាំង ដើម្បីជួយពង្រឹងការវាយលុករបស់ពួកគេ និងរុលឆ្លងកាត់ខ្សែត្រៀមជួរមុខរបស់រុស្ស៊ី៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *