បរទេស ៖ គីម យ៉ូជុង ប្អូនស្រី ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងកាលពីថ្ងៃចន្ទថា «យន្តហោះចម្បាំងរបស់ប្រទេសនេះបានបណ្តេញយន្តហោះចារកម្មរបស់អាមេរិកមួយគ្រឿង ដែលហោះពីលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ហើយបានព្រមានពីផលវិបាកដ៏គួរឱ្យភ្ញាក់ផ្អើល ប្រសិនបើសហរដ្ឋអាមេរិកបន្តសកម្មភាពឈ្លបយកការណ៍នៅក្នុងតំបន់នោះទៀត»។
យោធាកូរ៉េខាងត្បូង បានរិះគន់នាង គីម យ៉ូជុង ចំពោះការចេញការគំរាមកំហែងប្រឆាំងនឹងការហោះហើរ«ធម្មតា»នៅលើសមុទ្របើកចំហ នាងគីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍មួយទៀតនៅព្រឹកថ្ងៃអង្គារនេះ ដោយអះអាងជាថ្មីថា «ការបង្កើនសកម្មភាពឈ្លបយកការណ៍របស់អាមេរិក កំពុងរំលោភបំពានលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង ។ កងកម្លាំងអាមេរិកនឹង ជួបការហោះហើរដ៏គ្រោះថ្នាក់បំផុត ប្រសិនបើពួកគេ បន្តការឈ្លានពានខុសច្បាប់របស់ពួកគេ»។
នាងគីម ដែលជាមន្ត្រីគោលនយោបាយការបរទេសកំពូល របស់បងប្រុសនាង បានអះអាងថា «យន្តហោះឈ្លបរបស់អាមេរិក បានទៅដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខភាគខាងកើតរបស់កូរ៉េខាងជើង ចំនួនប្រាំបីដងផ្សេងគ្នាកាលពីថ្ងៃចន្ទ»។
សេចក្តីថ្លែងការណ៍ដំបូងរបស់នាងគីម ដែលអះអាងថា កូរ៉េខាងជើងបានបញ្ចេញយន្តហោះចម្បាំងដើម្បីបណ្តេញយន្តហោះឈ្លបរបស់អាមេរិក ត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃចន្ទ។
កាលពីព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានហោះហើរយន្តហោះចារកម្មចូលទៅក្នុង ដែនអាកាសដែលមិនអាចរំលោភបានរបស់ខ្លួន និងព្រមានថាយន្តហោះដែលចូលទៅជិតទីនោះទៀត អាចនឹងត្រូវបាញ់ទម្លាក់។
ចំណែកអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឆ្លើយតបដោយបដិសេធថា «សហរដ្ឋអាមេរិក មិនបានហោះហើរយន្តហោះចារកម្មចូលទៅក្នុងទឹកដីកូរ៉េខាងជើងទេ»។
អ្នកនាំពាក្យ លោក លី ស៊ុង ជុន (Lee Sung Joon) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពឈ្លបយកការណ៍តាមស្តង់ដារ ដោយមានការសម្របសម្រួលជាមួយយោធាកូរ៉េខាងត្បូង»៕(ប្រែសម្រួលដោយ លោកសំណាង)