ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិនជាច្រើន សម្រុកសង់រោងចក្រនៅប្រទេសថៃ

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងហូរចូលប្រទេសថៃ ដោយប្តេជ្ញាវិនិយោគ ១,៤៤ ពាន់លានដុល្លារ លើរោងចក្រផលិតរថយន្តនៅក្នុងមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលបានគ្របដណ្តប់ដោយក្រុមហ៊ុនជប៉ុនជាយូរមកហើយ។

ដំណើរការវិនិយោគថ្មីនេះ ត្រូវបានគាំទ្រដោយរដ្ឋាភិបាលថៃ ដែលបានដាក់ចេញនូវការលើកទឹកចិត្តនានា ហើយបានទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនចិន ជាមួយនឹងគោលដៅផ្លាស់ប្តូរផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ប្រទេសចំនួន៣០ភាគរយ ឱ្យទៅជារថយន្ត EV នៅត្រឹមឆ្នាំ ២០៣០។

ការវិនិយោគកំពុងដំណើរការ ដោយក្រុមហ៊ុនផលិតរថយន្ត Great Wall Motor របស់ចិនបានសម្រុកចូលប្រទេសថៃលើកដំបូងក្នុងឆ្នាំ ២០២០ នៅពេលដែលខ្លួនបានទិញរោងចក្រពីក្រុមហ៊ុន General Motors ដែលខ្លួននឹងចំណាយ ២២,៦ ពាន់លានបាត (៦៤៧,៣៨ លានដុល្លារ) ប្រែក្លាយវាទៅជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់សម្រាប់រថយន្ត EV និង រថយន្តហាយប្រ៊ីដ។

ក្រុមហ៊ុនផលិតរថយន្តខាងលើនេះ នឹងចាប់ផ្តើមផលិតរថយន្តតូចដ៏ពេញនិយមរបស់ខ្លួនគឺម៉ាក Ora Good Cat EV នៅក្នុងប្រទេសថៃនៅឆ្នាំក្រោយ ហើយក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ពន្ធរបស់ខ្លួនមកផងដែរគឺ MIND Electronics, HYCET និង Nobo Auto ដែលផលិតគ្រឿងអេឡិចត្រូនិច រថភ្លើងល្បឿនលឿន និងកៅអីអង្គុយ។

គូប្រជែងចិនគ្នាឯងគឺក្រុមហ៊ុន SAIC Motor ដែលជាម្ចាស់ក្រុមហ៊ុន MG Motor និងមានភាពជាដៃគូជាមួយក្រុមហ៊ុនថៃ Charoen Pokphand Group បានបើកដំណើរការរថយន្ត EV ដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃក្នុងឆ្នាំ២០១៩។

ក្រុមហ៊ុនបាននិយាយកាលពីខែមេសាថា ខ្លួនកំពុងវិនិយោគ ៥០០ លានបាតដើម្បីពង្រីករោងចក្រដែលមានស្រាប់របស់ខ្លួនសម្រាប់គ្រឿងបន្លាស់ EV និងការផលិតអាគុយ។

ក្រុមហ៊ុនផលិតរថយន្ត EV យក្សរបស់ចិន BYD កំពុងវិនិយោគ ១៧,៩ ពាន់លានបាត ដើម្បីបង្កើតរោងចក្រថ្មីមួយនៅក្នុងប្រទេសថៃ ដែលនឹងចាប់ផ្តើមផលិតរថយន្តដឹកអ្នកដំណើរចំនួន ១៥០.០០០ គ្រឿងក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៤ដែលរថយន្តមួយចំនួននឹងត្រូវនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍និងអឺរ៉ុប។

ក្រុមហ៊ុន Hozon New Energy Automobile របស់ចិនក៏កំពុងធ្វើការជាមួយក្រុមហ៊ុន Bangchan General Assembly របស់ថៃផងដែរ ដើម្បីផលិតរថយន្តអគ្គិសនីម៉ូដែល NETA V ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។

ការវិនិយោគជាច្រើនទៀតកំពុងត្រៀមសម្រុកចូល ហើយកិច្ចព្រមព្រៀងជាច្រើនទៀតក៏ត្រៀមកើតឡើងផងដែរ នេះបើយោងតាមក្រុមប្រឹក្សាភិបាលវិនិយោគថៃ (BOI) ដែលកំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តរបស់ចិន។

ក្រុមហ៊ុនរដ្ឋ Chongqing Changan Automobile ដែលមានភាពជាដៃគូជាមួយក្រុមហ៊ុន Ford និង Mazda នឹងវិនិយោគ ៩,៨ ពាន់លានបាតដើម្បីបង្កើតរោងចក្រផលិតរថយន្ត EV ចង្កូតស្តាំលើកដំបូងរបស់ខ្លួននៅខាងក្រៅប្រទេសចិន នេះបើយោងតាម BOI ។ 

BOI បាននិយាយថា ក្រុមហ៊ុន GAC Aion ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនផលិតរថយន្តរដ្ឋGuangzhou Automobile Group (GAC) គ្រោងនឹងវិនិយោគជាង ៦,៤ ពាន់លានបាត ដើម្បីផលិតរថយន្ត EV នៅក្នុងប្រទេសថៃ។

យោងតាម BOI ក្រុមហ៊ុន Chery Automobile របស់ចិន ដែលបានដាក់ឱ្យដំណើរការជាលើកដំបូងនូវរថយន្ត EV ដែលអភិវឌ្ឍដោយខ្លួនឯងក្នុងឆ្នាំ ២០០៩ គឺ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគនៅក្នុងប្រទេសថៃ ហើយគ្រោងនឹងចូលទីផ្សារនៅដើមឆ្នាំក្រោយ។

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍កាលពីខែឧសភាថា «ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Geely ក៏ស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការចូលក្នុងប្រទេសថៃ »៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *