ល្បិចឆបោកតាមទូរសព្ទដដែលៗ តែងតែត្រូវបានជនទុច្ចរិត យកមកប្រើ ត្រូវកម្លាំងអាវុធហត្ថក្របួច

ភ្នំពេញ ៖ ជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ ដោយខ្វះការប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិត ប្រើភាពចន្លោះប្រហោង ទៅជាការឆបោក គ្រប់រូបភាព ធ្វើឱ្យមានជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះ រងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ ការធ្វើអត្តឃាតក៏មាន។ 

មន្ត្រីអាវុធហត្ថនិយាយថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ មានករណីបោកប្រាស់តាមទូរសព្ទមួយបែបត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបដោយជោគជ័យ ឃាត់ជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុសអាយុ៤៣ឆ្នាំ ដែលបានបោកប្រាស់ ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរសព្ទពីមួយខ្សែទៅមួយខ្សែរកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា «កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឱ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោក៏ប្រឹងរកប្រាក់ វេរឱ្យជនសង្ស័យភ្លាមៗតែម្តង។ 

មន្ត្រីដដែលបន្តថា នៅមានករណីឆបោកជាច្រើនទៀតដូចជា ឆបោកតាមការតេទូរសព្ទ ដោយជនទុច្ចរិត បានប្រើវិធីសាស្ត្រ ចុចលេខទូរសព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឱ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហកថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឱ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាស តាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។ 

កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនីក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជនធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឱ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឱ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕(សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *