យន្តហោះរុស្ស៊ី យាយីដ្រូនរបស់អាមេរិក នៅលើប្រទេសស៊ីរី ២ ដង

បរទេស ៖ កងទ័ពអាកាសអាមេរិកបាននិយាយថា យន្តហោះចម្បាំងរបស់រុស្ស៊ីបានហោះទៅជិតដ្រូនជាច្រើនរបស់អាមេរិក នៅលើទឹកដីស៊ីរី២ដង ក្នុងពេល២៤ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ ដោយព្រួសផ្កាភ្លើង និង បង្ខំឱ្យដ្រូន MQ-9 Reaper កាច់ចង្កូតប្តូរទិសដើម្បីជម្លៀសខ្លួន។

លោកឧត្តមសេនីយ៍ឯក អាឡិច ហ្គ្រីនកេវិច (Alex Grynkewich) ប្រមុខបញ្ជាការកណ្តាលកងទ័ពអាកាសអាមេរិកបាននិយាយថា «យើងជំរុញឱ្យកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសស៊ីរី បញ្ឈប់អាកប្បកិរិយាមិនប្រុងប្រយ័ត្ននេះ ហើយប្រកាន់ខ្ជាប់នូវស្តង់ដារនៃអាកប្បកិរិយា ដែលរំពឹងទុករបស់កងកម្លាំងអាកាសដែលមានជំនាញវិជ្ជាជីវៈ ដូច្នេះយើងអាចបន្តការផ្តោតសំខាន់របស់យើងជាយូរលើការបំបាក់ពួក ISIS »។

ចំណែកលោកវរសេនីយ៍ឯក មីសែល អេនឌ្រូ (Michael Andrews) អ្នកនាំពាក្យបញ្ជាការកណ្តាលកងទ័ពអាកាសបាននិយាយថា «ការយាយីរបស់រុស្ស៊ី រួមទាំងការហោះហើរជិតៗ ដោយយន្តហោះ SU-34 មួយគ្រឿង និង SU-35 មួយគ្រឿង និងការព្រួសផ្កាភ្លើងដោយផ្ទាល់ដាក់ដ្រូន MQ-9 មានរយៈពេលជិតមួយម៉ោង។ ដូច្នេះវាមិន​មែន​ជា​ការ​ហោះ​កាត់លឿនៗនោះទេ ប៉ុន្តែ​ជា​អន្តរកម្មដែលមានលក្ខណៈច្រំដែលយូរ និង ​គ្មាន​វិជ្ជាជីវៈ»។

លោកមេបញ្ជាការកណ្តាលកងទ័ពអាកាសអាមេរិកបានបញ្ចេញវីដេអូនៃឧបទ្ទវហេតុពីរដាច់ដោយឡែកពីគ្នានេះដែលបានកើតឡើងកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។ នៅក្នុងឧបទ្ទវហេតុដំបូងដែលបានកើតឡើងនៅម៉ោងប្រហែល១០និង៤០នាទីព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធនៅប្រទេសស៊ីរីភាគពាយ័ព្យ យន្តហោះចម្បាំង SU-35 របស់រុស្ស៊ីបានហោះកៀកដ្រូន Reaper ហើយអ្នកបើកយន្តហោះរុស្ស៊ីម្នាក់បានបញ្ជាយន្តហោះរបស់ពួកគេហោះពីមុខដ្រូន ហើយបញ្ចេញផ្កាភ្លើងពីក្រោយយន្តហោះ SU- 35 ដែលបង្កើនល្បឿននិងសម្ពាធខ្យល់យ៉ាងខ្លាំង។

ចំពោះការបញ្ចេញភ្លើងបែបនេះ អាចបំផ្លាញគ្រឿងអេឡិចត្រូនិចរបស់ដ្រូន Reaper ហើយលោកហ្គ្រីនកេវិចបាននិយាយថា «វាបានកាត់បន្ថយសមត្ថភាពរបស់ប្រតិបត្តិកររបស់ដ្រូនដើម្បីធ្វើប្រតិបត្តិការដ្រូនដោយសុវត្ថិភាព»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *