ក្រុមហ៊ុន Meta បង្កើត Threads ដើម្បីប្រជែងជាមួយ Twitter

បរទេស ៖ ក្រុមហ៊ុន Meta បានបង្ហាញកម្មវិធីមួយដើម្បីប្រកួតប្រជែងជាមួយ Twitter កាលពីថ្ងៃពុធម្សិលមិញ ដោយទំនងដាក់គោលដៅលើអ្នកប្រើប្រាស់ដែលកំពុងស្វែងរកជម្រើសផ្សេងសម្រាប់វេទិកាបណ្តាញសង្គម ដែលត្រូវបានកាន់កាប់និងផ្លាស់ប្តូរជាញឹកញាប់ដោយលោក អេឡុន ម៉ាស។

ចំពោះពាក្យហៅថា «Threads» កម្មវិធីថ្មីនេះត្រូវបានចាត់ទុកជាកំណែផ្អែកលើសំណេរនៃកម្មវិធីចែករំលែករូបថតរបស់ Meta គឺ Instagram ដែលក្រុមហ៊ុននិយាយថាផ្តល់នូវ «កន្លែងថ្មីដាច់ដោយឡែកសម្រាប់ការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែងនិងការសន្ទនាជាសាធារណៈ»។

កម្មវិធីនេះមាននៅក្នុង App Store របស់ Apple និង Google Android នៅក្នុងប្រទេសជាង ១០០ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា និង ជប៉ុន។

ចំណែកអ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ Microblogging ដូច Twitter នេះផ្អែកតាមរូបថតពីអេក្រង់ដែលផ្តល់ទៅប្រព័ន្ធផ្សព្វផ្សាយ ដែលបង្ហាញថា ក្រុមហ៊ុន Meta Platforms បានត្រៀមលក្ខណៈរួចហើយ ដើម្បីប្រកួតប្រជែងដោយផ្ទាល់ជាមួយវេទិកាមួយនេះ បន្ទាប់ពីការកាន់កាប់ដ៏ច្របូកច្របល់របស់លោកម៉ាស បានបណ្តាលឱ្យមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលបានបិទខ្ទប់អ្នកប្រើប្រាស់ និង អ្នកផ្សាយពាណិជ្ជកម្មជាច្រើន។

កម្មវិធីនេះ វានឹងមានប៊ូតុងដើម្បីចុច ចូលចិត្ត បង្ហោះឡើងវិញ ឆ្លើយតប ឬ ដកស្រង់សម្តី របស់«Threads»និងបញ្ជរជាច្រើនបង្ហាញចំនួននៃការចូលចិត្ត និងការឆ្លើយតប ដែលសារបង្ហោះនោះបានទទួល ។

ក្រុមហ៊ុនMetaបាននិយាយថា «ចក្ខុវិស័យរបស់យើងគឺថា Threads នឹងក្លាយជាកម្មវិធីថ្មីមួយ ដែលផ្តោតលើសំណេរនិងការសន្ទនា ដោយយកគំរូតាមអ្វីដែល Instagram បានធ្វើសម្រាប់រូបថតនិងវីដេអូ ។ សារបង្ហោះ (Post) ត្រូវបានកំណត់ត្រឹម ៥០០ តួអក្សរ ដែលលើសពីកម្រិត ២៨០ តួអក្សររបស់ Twitter ហើយអាចរួមបញ្ចូលលីង រូបថតនិង វីដេអូរហូតដល់ប្រាំនាទី»។

អ្នកប្រើប្រាស់ Instagram នឹងអាចចុចចូលដោយប្រើឈ្មោះអ្នកប្រើប្រាស់ដែលមានស្រាប់របស់ពួកគេ ហើយធ្វើតាមគណនីដូចគ្នានៅលើកម្មវិធីថ្មីនេះ។ អ្នកប្រើប្រាស់ថ្មី នឹងត្រូវបង្កើតគណនី Instagram មួយសិន។

Meta បានសង្កត់ធ្ងន់លើវិធានការនានាដើម្បីរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ រួមទាំងការពង្រឹងគោលការណ៍ណែនាំសហគមន៍របស់ Instagram និងការផ្តល់ឧបករណ៍ដើម្បីគ្រប់គ្រងនរណាដែលអាចនិយាយឬឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ កម្មវិធីថ្មីរបស់ Meta បានបង្កើនការព្រួយបារម្ភអំពីឯកជនភាពទិន្នន័យ។

Threads អាចប្រមូលព័ត៌មានផ្ទាល់ខ្លួនយ៉ាងទូលំទូលាយ រួមទាំងសុខភាព ហិរញ្ញវត្ថុ ទំនាក់ទំនង ប្រវត្តិរុករកលើអនឡាញ ទិន្នន័យទីតាំង ការជាវផ្សេងៗ និង «ព័ត៌មានរសើប»។ នេះបើយោងតាមការបង្ហាញឯកជនភាពទិន្នន័យរបស់វានៅលើ App Store៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *