ម៉ូតូ២គ្រឿងបើកបុកគ្នា របួសធ្ងន់ស្រាល៣នាក់ នៅស្រុកមេសាង

ព្រៃវែង ៖ យុវតីម្នាក់រងគ្រោះរបួសភ្លៅខាងស្ដាំ និង មនុស្សប្រុស-ស្រី ២នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ជិះបញ្ច្រាសទិសគ្នា កើតឡើងនាវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៣ នៅចំណុចផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិក្រសាំងកន្ត្រៃ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឱ្យដឹងថា យុវតីរងគ្រោះឈ្មោះ ឡេត សុលា អាយុ១៤ឆ្នាំ រស់នៅភូមិចារ ឃុំព្រៃរំដួល ស្រុកមេសាងខេត្តព្រៃវែង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រៃវែង 1Q-8849 ឌុបគ្នាម្នាក់ពីក្រោយ ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង(គ្មានមួកសុវត្ថិភាពទាំង ០២នាក់) បើកពីលិចទៅកើត ។

លុះបើកមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ ០១គ្រឿងដែលជិះបញ្ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ព្រៃវែង 1U-6641 បើកដោយឈ្មោះ យឿង សំណាង ភេទប្រុស អាយុ៤២ឆ្នាំ (មានមួកសុវត្ថិភាព) មានឌុបកូនស្រីម្នាក់ពីក្រោយឈ្មោះ សំណាង ស្រីណុន ភេទស្រី អាយុ ១២ ឆ្នាំ ទាំង០២នាក់ រស់នៅភូមិក្រសាំងកន្ទ្រៃ ឃុំជីផុច ស្រុកមេសាង បណ្តាលឱ្យឈ្មោះ ឡេត សុលា រងរបួសបាក់ភ្លៅខាងស្តាំ,ឈ្មោះ ពៅ ស្រីនាង និងឈ្មោះ យឿង សំណាង រងរបួសស្រាល ។

ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងហៅរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកស្រុកមេសាង យកទៅសង្គ្រោះព្យាបាល ។ រីឯយុវតីឈ្មោះ ឡេត សុលា ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។ 

ឯវត្ថុតាង ម៉ូតូទាំង ២គ្រឿង នគរបាលបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេសាង ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *