បុរសម្នាក់ទើបតែជិះម៉ូតូចេញពីផ្ទះកូន មិនបានប៉ុន្មានម៉ែត្រផងត្រូវរថយន្តធុនធំបុក

ភ្នំពេញ ៖ កូនៗទ្រហ៊ោយំឱបសពឪពុក ខណៈទើបតែជិះម៉ូតូចេញពីផ្ទះកូន នៅក្បែរនោះ មិនបានប៉ុន្មានម៉ែត្រផង ត្រូវបានរថយន្តបុកពីក្រោយ បណ្តាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣ នៅចំណុច ផ្លូវ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជួរ សៀង ភេទប្រុស ទីកន្លែងកំណើតនៅខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 1FD-8928 ចេញពីផ្ទះកូនដែលនៅក្បែរនោះ មករកទិញកាតទូរសព្ទ ។

លុះដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយទ្រុង ពាក់ស្លាកលេខភ្នំពេញ 3E-2325 បិទតែមក្រុមហ៊ុន ហាយវេស ផេរភើ បានបុកម៉ូតូជនរងគ្រោះពីក្រោយ ដួលនិងកិនលើបុរសវ័យចំណាស់ ដែលជាអ្នកជិះម៉ូតូនោះបាត់បង់ជីវិត រួចប្រញាប់រត់គេចខ្លួនបាត់បន្សល់តែរថយន្តតែប៉ុណ្ណោះ ។ 

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ និងប្រគល់សពឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *