ភ្នំពេញ ៖បុរសវ័យចំណាស់ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត ខណៈជិះម៉ូតូចេញពីផ្ទះកូននៅក្បែរនោះ មិនបានប៉ុន្មានម៉ែត្រផង ត្រូវរថយន្តបុកពីក្រោយ កិនស្លាប់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច ផ្លូវ៥០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ជួរ សៀង អាយុ៧៦ឆ្នាំ ទីកន្លែងកំណើតនៅខេត្តព្រៃវែង បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-8928 ។



តាមសាច់ញាតិបានដឹងថា មុនកើតហេតុជនរងគ្រោះបានចាកចេញពីផ្ទះកូនដែលនៅក្បែរនោះ មករកទិញកាតទូរសព្ទ លុះដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3E-2325 បិទតែម ក្រុមហ៊ុន ហាយវេស ផេរភើ បានបុកម៉ូតូជនរងគ្រោះពីក្រោយ ដួលនិងកិនបុរសរងគ្រោះ ស្លាប់ភ្លាមតែម្តង ភ្លាមតៃកុងឡាន បានរត់ចោលរថយន្តគេចបាត់ពីកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលក្រុង ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ប៉ូច គឹមសុខ


