សៀមរាប ៖ មានករណីរថយន្តបើកបុកជាមួយរថយន្ត ហើយបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៩នាក់ទៀតរងបួស កើតឡើងនៅចំណុចលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៣៦៥-៣៦៦ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី២ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១២និង៤៥នាទី កន្លងទៅ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាក TOYOTA HILUX RIVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង និងមានអ្នករួមដំណើរជាមួយ៤នាក់ (ស្រី២នាក់) បើកបរទិសដៅពីកើតទៅលិច បណ្តាលឱ្យរបួស៤នាក់ ។

លុះដល់ចំណុចកើតហេតុខាងលើក៏បាន បុករថយន្តម៉ាកTOYOTA CAMRY (បាឡែន) ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-0504 បើកបរដោយឈ្មោះ ឃុត វណ្ណៈ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នករួមដំណើរជាមួយ៥នាក់ (ស្រី២នាក់)ដែលបើកបរទិសដៅពីលិចទៅកើតបណ្តាលឱ្យរបួស៥នាក់ ។

បន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO ក៏បានបុកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខឧត្តមានជ័យ 1D-4400 បើកបរដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ២២ឆ្នាំ (ស្លាប់) មានទីលំនៅភូមិក្រឡាញ់ ឃុំ-ស្រុកក្រឡាញ់ ដែលកំពុងបើកបរពីក្រោយរថយន្តម៉ាក TOYOTA CAMRY(បាឡែន) ក្នុងទិសដៅពីលិចទៅកើត។
ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុ ហើយជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ «បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO បើកបរមិនប្រកាន់ស្តាំ»។ ចំណែកវត្ថុតាងទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕(ប៉ូច គឹមសុខ)
