សៀមរាប ៖ មានករណីភ្លើងឆាបឆេះរថយន្តមួយគ្រឿង ដោយមូលហេតុឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីនរថយន្ត កើតឡើងកាលពីថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៦ មុខភោជនីយដ្ឋានរតនៈចិន្តា ស្ថិតនៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចនិយាយថា ម្ចាស់រថយន្តឈ្មោះ ស៊ុយ យ៉ាហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅរាជធានីភ្នំពេញ ជាម្ចាស់រថយន្តម៉ាក Audi ស៊េរីឆ្នាំ២០០៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6283 បានឆ្លងចរន្តខ្សែភ្លើងម៉ាស៊ីន ឆេះរថយន្តបណ្ដាលឱ្យរងការខូចខាត ខ្សែភ្លើង និងគ្រឿងបំពាក់ជុំវិញម៉ាស៊ីនរថយន្ត ស្ទើរទាំងស្រុង។

ករណីខាងលើនេះ កម្លាំងនគរបាលស្រុកសូទ្រនិគម បានចុះជួយពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍គ្រោះអគ្គិភ័យនេះបានទាំងស្រុង។

គួររំលឹកថា កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ក៏មានករណីអគ្គិភ័យឆាបឆេះរថយន្ត Range Rover មួយគ្រឿងពណ៌ខ្មៅ ដែលកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A បត់ឆ្វេងចូលទៅកាន់តំបន់OCIC ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បណ្តាលឱ្យឆេះអស់ទាំងស្រុង ដោយមូលហេតុស្រដៀងគ្នាផងដែរ៕ (ប៉ូច គឹមសុខ)
