បរទេស ៖ ប្រទេសអារ៉ាប៊ីសាអូឌីត និង រុស្ស៊ី កំពុងបន្តកាត់បន្ថយបរិមាណប្រេងដែលពួកគេបូមទៅកាន់ពិភពលោកក្នុងគោលបំណងជំរុញតម្លៃ ដោយបង្ហាញពីរបៀបដែលប្រទេសផលិតប្រេងធំជាងគេចំនួនពីររបស់ពិភពលោក កំពុងប្រឹងបង្កើនប្រាក់ចំណូលពីឥន្ធនៈហ្វូស៊ីល បើទោះបីជាតម្រូវការបានធ្លាក់ចុះជាមួយនឹង សេដ្ឋកិច្ចក៏ដោយ។
ចំពោះការសម្រេចចិត្តនេះ បានផ្តល់នូវការជំរុញបន្តិចបន្តួចដល់តម្លៃប្រេងកាលពីថ្ងៃចន្ទ ហើយកើតឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានប្រកាសពីការកាត់បន្ថយទិន្នផលដ៏ធំសម្រាប់ខែកក្កដានេះ នៅឯកិច្ចប្រជុំចុងក្រោយនៃសម្ពន្ធក្រុមអ្នកផលិតប្រេងរបស់អង្គការ OPec+ ជាហេតុបង្កើនការព្រួយបារម្ភ«ថាតម្លៃប្រេងឥន្ធនៈអាចចាប់ផ្តើមកើនឡើងម្តងទៀត»។
ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បាននិយាយថា «ខ្លួននឹងពង្រីកការកាត់បន្ថយមួយលានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកក្កដារហូតដល់ខែសីហា ដើម្បីគាំទ្រដល់ ស្ថិរភាព និង តុល្យភាពនៃទីផ្សារប្រេង ។ នោះនឹងរក្សាទិន្នផលប្រេងរបស់ប្រទេសឈូងសមុទ្រពែក្សនេះនៅត្រឹម ៩ លានបារ៉ែលក្នុងមួយថ្ងៃ»។
ចំណែកលោក អាឡិចសាន់ឌ័រ ណូវ៉ាក់ (Alexander Novak) ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បាននិយាយថា «ប្រទេសរបស់លោកនឹងកាត់បន្ថយការផលិតបន្ថែមចំនួន ៥០០.០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា»។ នេះបើយោងតាមរបាយការណ៍នានារបស់សារព័ត៌មានរុស្ស៊ី។
ចំណែកការកាត់បន្ថយដោយស្ម័គ្រចិត្ដនេះកើតឡើងបន្ទាប់ពីការឆាប់កាត់បន្ថយមុនកំណត់ ដែលក្រុមផលិតប្រេងOPec ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងសម្ពន្ធមិត្តផលិតប្រេងដទៃទៀតដឹកនាំដោយរុស្ស៊ី បានយល់ព្រមបន្តរហូតដល់ឆ្នាំក្រោយ។
ប៉ុន្តែពួកគេបានរុញតម្លៃប្រេងតិចតួចប៉ុណ្ណោះ ដោយជួយអ្នកបើកបរបំពេញធុងសាំងរបស់ពួកគេក្នុងតម្លៃសមរម្យក្នុងរដូវធ្វើដំណើររដូវក្តៅដ៏មមាញឹក និងផ្តល់ឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកនូវការធូរស្រាលខ្លះពីអតិផរណា។
សូមបញ្ជាក់ថា តម្លៃប្រេងឆៅគោលរបស់អាមេរិកបានឡើងថ្លៃ ៧៧ សេនកាលពីថ្ងៃចន្ទរហូតដល់ ៧១,៤១ ដុល្លារក្នុងមួយបារ៉ែល ,ខណៈតម្លៃប្រេងឆៅនៅផ្សារ Brent អន្តរជាតិឡើងថ្លៃ ៧០ សេនរហូតដល់ ៧៦,១១ ដុល្លារ។ ក្រោយមកទីផ្សារទាំងពីរ បានលុបចោលការដំឡើងថ្លៃមួយចំនួន។
ចំណែកប្រេងឆៅរបស់អាមេរិក បានធ្លាក់ចុះអស់មួយរយៈធំមកហើយ ហើយបានកើនឡើងលើសពី ៧០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងក្នុងរយៈពេលប្រាំសប្តាហ៍កាលពីថ្ងៃសុក្រកន្លងទៅនេះ ៕(ប្រែសម្រួលដោយ លោកសំណាង)