ឃាត់ខ្លួននគរបាលសេដ្ឋកិច្ចម្នាក់ បាញ់គំរាមគយ ដើម្បីកាងទំនិញគេចពន្ធមកពីរៀតណាម

តាកែវ ៖ នគរបាលម្នាក់ ថ្នាក់នាយរងការិយាល័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព រារាំង (បិទគូថ) និងបានដកកាំភ្លេីងខ្លីបាញ់ជាច្រើនគ្រាប់ ដេីម្បីគំរាមដល់កម្លាំងគយ ដែលចុះបង្ក្រាបទំនិញគេចពន្ធនាំចូល កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៣  នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ  ។

ប្រភពឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ណុប សំបូរ ភេទប្រុស អាយុ៣១ឆ្នាំ ឋានៈនាយរងការិយាល័យ នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានទីលំនៅភូមិកំពង់អំពិល ឃុំ-ស្រុកបូរីជលសារ ខេត្តតាកែវ ជិះរថយន្តម៉ាកFORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BY -9899 និងប្រើប្រាស់កាំភ្លេីងខ្លីម៉ាកGLOCK  បាញ់គំរាមគយចំនួន៥គ្រាប់ ។ 

លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកស្នងការ និងការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាកម្លាំងជំនាញបានឃាត់ខ្លួន ឈ្មោះ ណុប សំបូរ រួមជាមួយវត្ថុតាង កាំភ្លេីងខ្លី និងរថយន្តយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមផ្លូវច្បាប់៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *