ដំរីជាអំណោយរបស់ថៃដល់ស្រីលង្កា ត្រឡប់មកស្រុកកំណើតវិញ បន្ទាប់​ពី​មាន​ជម្លោះ​ការទូត​ជុំវិញ​ការ​ធ្វើ​បាប​វា

បរទេស ៖ សត្វដំរី​ថៃ​មួយ​ក្បាល​ ដែល​គេផ្តល់ជា​អំណោយ​ដល់​ស្រីលង្កា​ កាល​ពី​ពីរ​ទសវត្សរ៍​មុន ​បាន​វិលត្រឡប់​មក​ប្រទេស​កំណើត​វិញ​ នាថ្ងៃ​អាទិត្យម្សិលមិញ បន្ទាប់​ពី​មាន​ជម្លោះ​ការទូត ​ជុំវិញ​ការ​ធ្វើ​បាប​សត្វដំរីនេះ។

អាជ្ញាធរ​ថៃ​បាន​ប្រគល់​ដំរីឈ្មោះ មូធូ រ៉ាចា (Muthu Raja) អាយុ ២៩ ឆ្នាំ ដែល​គេ​ស្គាល់ក្នុង​ស្រុក​កំណើត​ថា «សាក់សូរិន (Sak Surin) ទៅ​ប្រទេស​ស្រីលង្កា​ក្នុង​ឆ្នាំ ២០០១»។ ប៉ុន្តែ​ពួកគេ​បាន​ទាមទារ​វា​មកវិញ​កាលពី​ឆ្នាំមុន បន្ទាប់ពី​មានការ​ចោទប្រកាន់ថា​ វា​ត្រូវបាន​ធ្វើ​ទារុណកម្មនិងទុកចោល ខណៈឱ្យវារស់ក្នុងវត្ត​ព្រះពុទ្ធ​សាសនា​មួយ​នៅ​ភាគខាងត្បូងនៃ​ប្រទេស​ស្រីលង្កា ។

សត្វដំរី មានទម្ងន់ ៤.០០០ គីឡូក្រាមនេះបានមកដល់ប្រទេសថៃ បន្ទាប់ពីម៉ោង២រសៀលថ្ងៃអាទិត្យម្សិលមិញ ក្រោយដឹកក្នុងទ្រុងដែកធំមួយ ដែលសាងសង់ជាពិសេសនៅលើយន្តហោះដឹកទំនិញ Ilyushin Il-76 ។

លោក វ៉ារ៉ាវុធ សិល្បៈអាចា (Varawut Silpa-archa) រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ថៃ បាន​និយាយ​ពី​អាកាសយានដ្ឋាន​ថា«គាត់​(ដំរី)បាន​មក​ដល់​ខេត្ត​ឈៀងម៉ៃ​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ គាត់​បាន​ធ្វើ​ដំណើរ​៥ម៉ោង ហើយ​មិន​មាន​បញ្ហា​នោះ​ទេស្ថានភាព​របស់​គាត់​គឺ​ធម្មតា»។

លោកបានបន្ថែមថា «ប្រសិនបើអ្វីៗដំណើរការល្អ យើងនឹងផ្លាស់វាចេញ ដោយសំដៅលើផែនការយកដំរីនេះទៅដាក់នៅព្រៃបម្រុងធម្មជាតិក្បែរនោះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *