បរទេស ៖ កុបករវ័យក្មេងបានប៉ះទង្គិចជាមួយប៉ូលិស និង លួចតាមហាងកាលពីថ្ងៃសុក្រម្សិលមិញ នៅក្នុងអំពើហិង្សាថ្ងៃទីបួន ក្នុងប្រទេសបារាំងដែលបង្កឡើងដោយការបាញ់សម្លាប់ក្មេងជំទង់ពីសំណាក់ប៉ូលិស ដោយដាក់សម្ពាធកាន់តែខ្លាំងលើលោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង បន្ទាប់ពីគាត់បានអំពាវនាវដល់ឪពុកម្តាយកុំឱ្យកូនៗចេញមកតាមដងផ្លូវ និង ស្តីបន្ទោសបណ្តាញសង្គមសម្រាប់ការជំរុញឱ្យមានចលាចល។
ប៉ូលិសបាននិយាយថា មានមនុស្ស២៧០នាក់ត្រូវបានចាប់ខ្លួន នៅពាក់កណ្តាលអធ្រាត្រទូទាំងប្រទេស។ ថ្វីបើមានការអំពាវនាវរបស់រដ្ឋាភិបាលម្តងហើយម្តងទៀត សម្រាប់ភាពស្ងប់ស្ងាត់និងចំណាត់ការរបស់ប៉ូលិសតឹងរ៉ឹងជាងមុនក៏ដោយក៏ថ្ងៃសុក្រនៅតែឃើញអំពើហិង្សាពេញមួយថ្ងៃ។
ប៉ូលិសនិយាយបន្តថា ហាង Apple មួយត្រូវបានចោរលួចនៅក្នុងទីក្រុងស្ត្រាស្បឺក (Strasbourg) ភាគខាងកើតកន្លែងដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយបង្អួចនៃហាងលក់អាហាររហ័សមួយត្រូវបានវាយកម្ទេចនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងប៉ារីស កន្លែងដែលក្រុមមន្រ្តីបានបណ្តេញមនុស្សដែលព្យាយាមគាស់ហាងចាក់សោមួយ។
ចំណែកនៅទីក្រុងកំពង់ផែភាគខាងត្បូង គឺម៉ាសី (Marseille) ដែលដំបូងឡើយបានរួចផុតពីអំពើហិង្សា ដែលផ្ទុះឡើងដំបូងនៅក្នុងតំបន់ទីក្រុងប៉ារីសនោះ កំពុងជួបប្រទះនូវភាពចលាចលនៅយប់ទីពីររបស់ខ្លួន។ ប៉ូលិសបាននិយាយថា សូម្បីមុនស្បៃរាត្រីចូលមកដល់ យុវជនបានគប់កាំជ្រួច ដុតបំផ្លាញ និងលួចហាង។ ពួកគេបានចាប់ខ្លួនមនុស្សជិត៩០នាក់។
ប៉ូលិសបាននិយាយថា កាលពីយប់ថ្ងៃសុក្រ ក្រុមចោរបានចូលទៅក្នុងហាងលក់កាំភ្លើងក្នុងក្រុងម៉ាសី ហើយយកអាវុធចេញជាច្រើន ហើយក្រោយមកបុរសម្នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងបរបាញ់។ កាលពីយប់មុននេះ មន្ត្រីក្រៅកាតព្វកិច្ចពីរនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់ត្រូវបានចាក់នឹងកាំបិត ពេលពួកគេត្រូវបានមនុស្សប្រហែល២០នាក់ វាយប្រហារ។
ចំណែកអាជ្ញាធរនៅក្នុងទីក្រុងលីយ៉ុង (Lyon) បានរាយការណ៍ថា កុបកម្មជាថ្មីម្តងទៀតបានដុតភ្លើងនិងវាយប៉ូលិសនៅតំបន់ជាយក្រុង។ នៅកណ្តាលទីក្រុង ប៉ូលិសបានចាប់ខ្លួនមនុស្សចំនួន ៣១ នាក់ ដើម្បីបញ្ឈប់ការប៉ុនប៉ងលួចហាងនានា បន្ទាប់ពីការតវ៉ាដោយគ្មានការអនុញ្ញាតប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិស ដែលបានទាក់ទាញមនុស្សចូលរួមកុបកម្មប្រហែល ១.៣០០នាក់ កាលពីល្ងាចថ្ងៃសុក្រ៕(ប្រែសម្រួលដោយ លោកសំណាង)