បរទេស ៖ រថភ្លើង Amtrak ដែលដឹកមនុស្ស១៩០នាក់ បានបើកធ្លាក់ផ្លូវកាលពីថ្ងៃពុធទី២៨មិថុនាឆ្នាំ២០២៣ នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង បណ្តាលឱ្យអ្នកដំណើរជាប់គាំងក្នុងទូរថភ្លើងមួយស្របក់ និង របួសយ៉ាងតិច ១៥ នាក់ ដែលរថភ្លើងនេះកំពុងធ្វើដំណើរឆ្លងកាត់ទីក្រុងម័រផាក (Moorpark) ភាគពាយព្យទីក្រុងឡូសអាន់ជេឡេស នៅពេលវាបុករថយន្តចតចោល គ្មានមនុស្សជិះនៅលើផ្លូវដែក ។
បើតាមរូបភាពឧទ្ធម្ភាគចក្រពីកន្លែងកើតហេតុបានបង្ហាញអ្នកឆ្លើយតបបឋមកំពុងជួយអ្នកដំណើររាប់សិបនាក់ជាមួយនឹងអីវ៉ាន់រាយប៉ាយពាសពេញផ្លូវរថភ្លើងនិងឆ្ងាយពីក្បាលរថភ្លើង។
ចំណែកនាយកដ្ឋានពន្លត់អគ្គិភ័យវេនធូរ៉ាខោនធី (Ventura County) PIO បាននិយាយនៅលើ Twitter ថា «មានមនុស្ស ១៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្រាល។ របួសរបស់មនុស្សម្នាក់ទៀតត្រូវបានពណ៌នាថាមាន កម្រិតមធ្យម»។ សេវាកម្មរថភ្លើង Amtrak រវាងតំបន់វេនធូរ៉ា និង ក្រុងឡូសអាន់ជេឡេស ត្រូវបានផ្អាក។
បើតាមមន្ត្រីម្នាក់នៅនាយកដ្ឋានប៉ូលិសក្រុងម័រផាក បានបញ្ជាក់ប្រាប់ DailyMail.com ថា «ប៉ូលិសនិងមន្ត្រីពន្លត់អគ្គិភ័យកំពុងស្ថិតនៅកន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតកាលពីថ្ងៃពុធ»។ ការហៅទូរស័ព្ទដំបូងបានកើតឡើងនៅម៉ោង ១១៖១៨ ព្រឹកនៅជិតផ្លូវ West Los Angeles Avenue និងផ្លូវ Montair Drive។
តែគេមិនដឹងថារថយន្តនោះកំពុងធ្វើអ្វីនៅលើផ្លូវរថភ្លើងទេ នៅពេលមានការបុកគ្នា។ឯរូបភាពពីលើអាកាសបានបង្ហាញឡាន ដែលខ្ទេចទាំងស្រុង និង រថភ្លើង ដែលភាគច្រើនមិនមានការខូចខាតក្រៅតែពីទូរថភ្លើងពីរបីដែលរអិលធ្លាក់ចេញពីផ្លូវដែក។អ្នកដំណើរត្រូវបានយកចេញពីរថភ្លើង ហើយសុំឱ្យរង់ចាំនៅទីវាលក្បែរនោះ ខណៈប៉ូលិសនិងអ្នកពន្លត់អគ្គិភ័យស៊ើបអង្កេតគ្រោះថ្នាក់នេះ។
លោក ប្រាយអែន ម៉ាកហ្គ្រាត (Brian McGrath) មកពីនាយកដ្ឋានពន្លត់អគ្គិភ័យវេនធូរ៉ាខោនធី បានប្រាប់វេបសាយMoorpark Acorn ថា«មានមនុស្ស ១៩០ នាក់នៅលើរថភ្លើង ហើយអាជ្ញាធរបានប្រាប់ទូរទស្សន៍ NBC 4 ថាឡានក្រុងមួយនឹងដឹកពួកគេចេញពីកន្លែងកើតហេតុ»៕ប្រែសម្រួលដោយ លោកសំណាង)