បរទេស ៖ កងកម្លាំងប្រដាប់អាវុធហុងឌូរ៉ាសបានគ្រប់គ្រងប្រព័ន្ធពន្ធនាគារពោរពេញដោយបញ្ហារបស់ប្រទេសបានទាំងស្រុងហើយ គឺមួយសប្តាហ៍បន្ទាប់ពីកុបកម្មរបស់ក្រុមអន្ធពាលបានបណ្តាលឱ្យស្ត្រី៤៦ នាក់បាត់បង់ជីវិត ។
កងកម្លាំងអាវុធហត្ថ បានធ្វើការបោសសម្អាតតាមពន្ធនាគារនានាដែលខ្លួនកាន់កាប់នៅក្នុងទីក្រុងតាម៉ារ៉ា (Támara) និងឡាតូលវ៉ា (La Tolva) កាលពីថ្ងៃចន្ទម្សិលមិញ ហើយបានដកអ្នកទោសរាប់រយនាក់ចេញពីបន្ទប់គុករបស់ពួកគេដោយនាំពួកគេទៅកាន់ទីធ្លា។
បើតាមវីដេអូ ដែលចេញផ្សាយដោយរដ្ឋាភិបាល បានបង្ហាញអ្នកទោសជាបុរសអង្គុយដោះអាវដោយដាក់ដៃលើក្បាលនិងកនៅឯពន្ធនាគារជាតិហ្វ្រានស៊ីស្កូ ម៉ូរ៉ាហ្សាន (Francisco Morazan)។
ចំពោះអ្នកទោសនៅមជ្ឈមណ្ឌលស្ត្រីសម្រាប់ការសម្របខ្លួនក្នុងសង្គម ដែលជាពន្ធនាគារសម្រាប់ស្ត្រីតែមួយគត់នៅក្នុងប្រទេសអាមេរិកកណ្តាលនេះ ក៏ត្រូវបានបង្ខំឱ្យចេញពីបន្ទប់គុករបស់ពួកគេដែរ ហើយអង្គុយនៅទីធ្លា ដោយដាក់ដៃនៅនឹងករបស់ពួកគេ ប៉ុន្តែអាវុធហត្ថស្រីបានអនុញ្ញាតពួកគេពាក់អាវយឺត។
បើតាមរូបភាពទាំងនោះបានរំលឹកដល់ការបង្រ្កាបរបស់អែលសាល់វ៉ាឌ័រលើអំពើហិង្សារបស់ក្រុមអន្ធពាល ពេលដែលអ្នកទោសត្រូវបានដាក់តម្រង់ជួរក្នុងអំឡុងការបើកពន្ធនាគារថ្មីកាលពីខែកុម្ភៈកន្លងទៅ។
ផ្នែកមួយនៃប្រតិបត្តិការជំនឿនិងក្តីសង្ឃឹមរបស់រដ្ឋាភិបាលហុងឌូរ៉ាស កម្លាំងអាវុធហត្ថបានឆែកឆេរតាមគុក ដែលគ្រប់គ្រងដោយក្រុមអន្ធពាល Barrio 18 នៅពន្ធនាគារក្រុងតាម៉ារ៉ា ហើយបានប្រមូលមកវិញនូវហិបដាក់គ្រាប់កាំភ្លើង កាំភ្លើងខ្លី កាំភ្លើងវែង និង គ្រាប់បែកដៃជាច្រើន។
លោកវរសេនីយ៍ឯក ហ្វើណង់ដូ មូនូស (Fernando Muñoz) ជាមន្ត្រីអាវុធហត្ថបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «អំពើពុករលួយនៅក្នុងពន្ធនាគារបានបញ្ចប់។ យើងនឹងគ្រប់គ្រងវា ហើយនឹងមិនមានការតេទូរសព្ទហៅចេញពីទីនេះដើម្បីបញ្ជាការជំរិតទារប្រាក់ឬការប្រហារជីវិតនោះឡើយ»។
លោក ចូសេ ម៉ានូអែល ហ្សេឡាយ៉ា (Jose Manuel Zelaya) រដ្ឋមន្ត្រីការពារជាតិ បាននិយាយនៅក្នុង Twitter ថា «បេសកកម្មរបស់យើងគឺដើម្បីកម្ចាត់ឧក្រិដ្ឋកម្មចាត់តាំងនៅក្នុងពន្ធនាគារ ហើយយើងក៏នឹងតាមចាប់មេក្លោងដែលកំពុងប្រតិបត្តិការពីខាងក្រៅ»។
ការកាន់កាប់ពេញលេញនេះកើតឡើងបន្ទាប់ពីអ្នកទោសស្រី ដែលជាសមាជិកនៃក្រុមអន្ធពាល Barrio 18 បានរត់ពន្ធអាវុធ កាំបិត និង វត្ថុរាវងាយឆេះ ចូលទៅក្នុងពន្ធនាគាររបស់ស្ត្រី នៅទីក្រុងតាម៉ារ៉ាកាលពីថ្ងៃអង្គារសប្តាហ៍មុនហើយជនសង្ស័យអាចដកហូតអាវុធពីអ្នកយាម ហើយបានចូលទៅក្នុងគុកមួយ ដែលសមាជិកនៃគូប្រជែងសំខាន់របស់ពួកគេគឺ MS-13 បានរស់នៅ និង បើកការវាយប្រហារតែម្តង។ក្រុមអន្ធពាលស្រីទាំងនេះបានបាញ់និងកាប់ជនរងគ្រោះ មុនពេលចាក់សោគុករួចចាក់សាំងដុតចោល។
ជាការឆ្លើយតបទៅនឹងការសម្លាប់រង្គាលនេះ លោក ស៊ីអូម៉ារ៉ា កាស្ត្រូ (Xiomara Castro) ប្រធានាធិបតីឆ្វេងនិយមបានដាក់ចេញវិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងពន្ធនាគារទាំងអស់ឡើងវិញ ដោយដាក់អាវុធហត្ថឱ្យទទួលខុសត្រូវហើយផ្តល់ពេលឱ្យពួកគេមួយឆ្នាំដើម្បីជួលនិងបណ្តុះបណ្តាលអាវុធហត្ថថ្មី។
សូមបញ្ជាក់ថា ប្រព័ន្ធពន្ធនាគាររបស់ប្រទេសនេះមានពន្ធនាគារចំនួន ២៦ កន្លែងដែលផ្ទុកអ្នកទោសប្រហែល ២០.០០០នាក់។ យោងតាមអង្គការសហប្រជាជាតិ ពន្ធនាគារទាំងនោះផ្ទុកហួសសមត្ថភាព ៣៤,២ ភាគរយ៕(ប្រែសម្រួលដោយលោកសំណាង)