នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan បានធ្វើដំណើរដល់កំពង់ផែ ប្រទេសវៀតណាម

វៀតណាម  កាលពីថ្ងៃអាទិត្យកន្លងទៅ នាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងឈ្មោះ USS Ronald Reaganរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់កំពង់ផែទីក្រុងដាណាង (Danang) ប្រទេសវៀតណាម ប៉ុន្មានសប្ដាហ៍បន្ទាប់ពីទីក្រុងហាណូយបានប្រកាសប្រឆាំងជំទាស់ទៅនឹងវត្តមាននាវាចិន ក្នុងតំបន់ដែលកំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនាឆ្នាំ២០២៣។

ការទៅដល់នៃវត្តមាននាវាផ្ទុកយន្ដហោះចម្បាំង USS Ronald Reagan ក្នុងកំពង់ផែទីក្រុងដាណាងខាងលើ ត្រូវបានធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិក និងវៀតណាមប្រារព្ធខួបលើកទី១០នៃការបង្កើតទំនាក់ទំនងគ្រប់ជ្រុងជ្រោយ ដែលអនុញ្ញាតឱ្យប្រទេសទាំង២ បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ នឹងគ្នាលើវិស័យពាណិជ្ជកម្មព្រមទាំងចែករំលែកក្ដីកង្វល់រួមពាក់ព័ន្ធនឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។

កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសវៀតណាមបានអំពាវនាវឱ្យនាវាស្រាវជ្រាវរួមទាំងនាវាឆ្មាំល្បាត និងទូកនេសាទរបស់ចិនធ្វើការចាកចេញ ក្រោយនាវាទាំងនោះបានស្ថិតនៅក្នុងតំបន់ដែនទឹកដែលទីក្រុងហាណូយ អះអាងថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយរហូតដល់ដើមខែមិថុនាកន្លងទៅនេះ ទើបនាវាចិនបានចាកចេញ។

គួរបញ្ជាក់ថា ចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីជាដើមបាននិងកំពុងទាមទារអធិបតេយ្យរៀងៗខ្លួន លើដែនទឹកកំពុងមានវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូង។ 

បើតាមក្រុមអ្នកជំនាញ ការធ្វើដំណើរទៅដល់របស់នាវាផ្ទុកយន្ដហោះចម្បាំង USS Ronald Reagan ក្នុងកំពង់ផែទីក្រុងដាណាង គឺសារមួយដែលវៀតណាមចង់ផ្ញើទៅចិនថា ខ្លួន កំពុងបន្តស្វែងរកតុល្យភាពទប់ទល់ជាមួយចិនតាមរយៈការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *