បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃចន្ទ បានជួបជាមួយ មេៗសន្តិសុខកំពូល អ្នកអនុវត្តច្បាប់ និង មន្ត្រីយោធា ហើយបានស្តីបន្ទោសអ្នករៀបចំការបះបោរនាចុងសប្តាហ៍ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតចំពោះអំណាចរបស់គាត់ថាជា «ជនក្បត់» ដែលធ្វើតាមផែនការរបស់រដ្ឋាភិបាលអ៊ុយក្រែននិង សម្ពន្ធមិត្តរបស់ពួកគេ។
ថ្លែងក្នុងទឹកមុខយ៉ាងមាំ និង មើលទៅហត់នឿយក្នុងសុន្ទរកថាតាមទូរទស្សន៍រយៈពេលប្រាំនាទីជិតពាក់កណ្តាលអធ្រាត្រ លោកពូទីនបានស្វះស្វែងរក្សាស្ថិរភាព ហើយលោកបានព្យាយាមធ្វើឱ្យមានតុល្យភាពរវាងការរិះគន់ជនល្មើសនៃការបះបោរ ដើម្បីទប់ស្កាត់វិបត្តិមួយផ្សេងទៀត និង ការមិនធ្វើឱ្យមានកំហឹងដល់ក្រុមទាហានស៊ីឈ្នួលនិង អ្នកគាំទ្ររឹងរូសរបស់ពួកគេ ដែលអ្នកខ្លះខឹងសម្បាចំពោះការដោះស្រាយស្ថានការណ៍របស់វិមានក្រឹមឡាំង។
លោកពូទីន ដែលកងទ័ពរបស់គាត់លាតសន្ធឹងស្តើងទៅៗ នៅចំពោះមុខការវាយលុករបស់អ៊ុយក្រែន បានសរសើរមេៗកងទ័ពនិងក្រុមទាហានស៊ីឈ្នួលដែលមិនអនុញ្ញាតឱ្យស្ថានភាពធ្លាក់ចូលទៅក្នុង «ការបង្ហូរឈាមដ៏ធំ» ហើយលោកបាននិយាយថា ប្រទេសជាតិបានរួបរួមគ្នាហើយ បើទោះបីជាមានសញ្ញាមូលដ្ឋាននៃការគាំទ្រដល់ការបះបោរក៏ដោយ។
លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលដឹកនាំការបះបោរ បានចេញមុខនិយាយការពារការបះបោររយៈពេលខ្លីរបស់គាត់ ហើយគាត់បានជេរប្រមាថយោធារុស្ស៊ីម្តងទៀត ប៉ុន្តែបាននិយាយថា គាត់មិនបានព្យាយាមធ្វើរដ្ឋប្រហារប្រឆាំងនឹងលោកពូទីនទេ។ កាលពីថ្ងៃសុក្រ លោកព្រីហ្គោហ្ស៊ីនបានអំពាវនាវឱ្យមានការបះបោរប្រដាប់អាវុធដើម្បីបណ្តេញមេដឹកនាំយោធា។
សុន្ទរកថារបស់លោកពូទីន ត្រូវបានប្រកាសដោយអ្នកនាំពាក្យរបស់លោកជាមុននិងត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីចាត់ទុកថាជាអ្វីមួយដែលនឹង កំណត់ជោគវាសនារបស់រុស្ស៊ី។ តាមពិត សុន្ទរកថានេះមិនបានបង្កើតការវិវត្តដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ។
ចំណែកលោក អាប់បាស ហ្គាល់លីយ៉ាម៉ូវ (Abbas Gallyamov) អតីតអ្នកសរសេរសុន្ទរកថាឱ្យវិមានក្រឹមឡាំង ប្រែក្លាយអ្នកវិភាគនយោបាយ បានហៅសុន្ទរកថានេះថា«ខ្សោយ»។ នៅក្នុងសារបង្ហោះនៅលើ Facebook គាត់បាននិយាយថា «វាជាសញ្ញាមួយបង្ហាញថា លោកពូទីន មិនពេញចិត្តយ៉ាងខ្លាំងចំពោះរបៀបដែលគាត់មើលទៅក្នុងរឿងរ៉ាវនេះ ហើយកំពុងព្យាយាមកែតម្រូវស្ថានភាព»។
ក្រោយមកវិមានក្រឹមឡាំងបានបង្ហាញលោកពូទីនជួបជាមួយមេៗសន្តិសុខកំពូល អ្នកអនុវត្តច្បាប់ និងមន្ត្រីយោធា រួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក សឺហ្គេ សយហ្គូ (Sergei Shoigu) ដែលការបះបោរបានព្យាយាមដកគាត់ចេញ។
លោកពូទីនបានថ្លែងអំណរគុណដល់សមាជិកក្រុមរបស់គាត់សម្រាប់ការងាររបស់ពួកគេកាលពីចុងសប្តាហ៍ ដោយបង្ហាញពីការគាំទ្រចំពោះលោកសយហ្គូ។ មុននេះ អាជ្ញាធរបានចេញផ្សាយវីដេអូមួយអំពីលោកសយហ្គូពិនិត្យមើលកងទ័ពនៅប្រទេសអ៊ុយក្រែន៕(ប្រែសម្រួលដោយ លោកសំណាង)