បរទេស ៖ ពួកទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner បានធ្វើដំណើរត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ កាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានយល់ព្រមអនុញ្ញាតឱ្យមេដឹកនាំរបស់ពួកគេរួចផុតពីការចោទប្រកាន់ពីបទក្បត់ជាតិ និងទទួលយកការនិរទេសរបស់ពួកគេនៅប្រទេសជិតខាង បេឡារូស។
ចំពោះកិច្ចព្រមព្រៀងនេះ បានបញ្ឈប់វិបត្តិវិសាមញ្ញ ពោលគឺកងទ័ពឯកជនដែលដឹកនាំដោយអតីតសម្ពន្ធមិត្តជិតស្និទ្ធរបស់លោកពូទីន ,លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ព្យាយាមវាយលុកចូលទីក្រុងមូស្គូ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា «ការបះបោររបស់ក្រុមហ៊ុន Wagner បានលាតត្រដាងឱ្យឃើញការគ្រប់គ្រងរបស់លោកពូទីន មានភាពផុយស្រួយជាងការគិតទៅទៀត»។
ឯវិធានការសន្តិសុខនៅតែធ្វើឡើងនៅទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ទោះបីជាមានប៉ូលិសតិចជាងមុនក៏ដោយ ហើយអ្នកធ្វើដំណើរឆ្លងកាត់បាននិយាយថា ពួកគេមិនមានការព្រួយបារម្ភទេ បើទោះបីជាគេមិនដឹងកន្លែងលាក់ខ្លួនរបស់លោកព្រីហ្គោហ្ស៊ីនក៏ដោយ។
លោកស្រី លូដមីឡា ស្មេឡេវ៉ា (Ludmila Shmeleva) អាយុ ៧០ ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ខណៈកំពុងដើរនៅទីលានក្រហមនៃទីក្រុងមូស្គូថា «ពិតណាស់ ពីដំបូងខ្ញុំភ័យ។ ខ្ញុំមិនបានរំពឹងរឿងបែបនេះទេ។ យើងកំពុងប្រយុទ្ធ ហើយក៏មានសត្រូវខាងក្នុង កំពុងចាក់អ្នកពីក្រោយ ដូចដែលប្រធានាធិបតីពូទីនបាននិយាយ។ ប៉ុន្តែយើងកំពុងដើរលេងលំហែកាយ យើងមិនមានអារម្មណ៍ថាមានគ្រោះថ្នាក់អ្វីទេ»។
លោកព្រីហ្គោហ្ស៊ីនត្រូវបានឃើញចុងក្រោយកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងរថយន្ត SUV បានចាកចេញពីទីក្រុងរ៉ូស្តូវអនដុន (Rostov-on-Don) ជាកន្លែងដែលអ្នកប្រយុទ្ធរបស់គាត់បានដណ្តើមយកទីបញ្ជាការយោធាក្រោមការអបអរសាទររបស់ប្រជាជនក្នុងតំបន់មួយចំនួន។ អ្នកខ្លះបានចាប់ដៃគាត់តាមបង្អួចឡានទៀតផង។ រថយន្តធំៗបានដឹករថពាសដែក ដែលមានអ្នកប្រយុទ្ធជិះតាមពីក្រោយរថយន្តរបស់គាត់។
សេចក្តីរាយការណ៍បាននិយាយថា អ្នកប្រយុទ្ធ Wagner បានមកដល់ជិត ៤០០ គីឡូម៉ែត្រពីទីក្រុងមូស្គូ ខណៈលោកព្រីហ្គោហ្ស៊ីនខ្លួនឯងបានអះអាងថា «ក្នុងរយៈពេល ២៤ ម៉ោង យើងនឹងទៅដល់ចម្ងាយ ២០០ គីឡូម៉ែត្រពីទីក្រុងមូស្គូ»។
ការបះបោរនេះបានកើតចេញពីជម្លោះរ៉ាំរ៉ៃរបស់លោកជាមួយនឹងមេទ័ពកំពូលៗរបស់រុស្ស៊ី ជុំវិញប្រតិបត្តិការរបស់រុស្ស៊ី នៅអ៊ុយក្រែន។ កាលពីថ្ងៃសៅរ៍ លោកពូទីនបានថ្កោលទោសការបះបោរនេះថាជាអំពើក្បត់ជាតិ ដោយសន្យាដាក់ទោសជនល្មើស។ លោកបានចោទប្រកាន់ពួកគេថាបានរុញច្រានរុស្ស៊ីឱ្យជិតឈានទៅរកសង្រ្គាមស៊ីវិល។
ក្រោយមកនៅថ្ងៃដដែលនោះ លោកបានទទួលយកកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយបេឡារូសដើម្បីបញ្ចៀសវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលក្រុងមូស្គូ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មេដឹកនាំអ៊ុយក្រែន និង ប្រធានាធិបតីអាមេរិក ចូ បៃដិន បានពិភាក្សាគ្នាអំពីការបះបោរនេះកាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងប្រទេសលីទុយអានីនៅខែក្រោយ។
លោកហ្សេលេនស្គីបាននិយាយនៅលើ Twitter ថា «ពិភពលោកត្រូវតែដាក់សម្ពាធលើរុស្ស៊ីរហូតដល់សណ្តាប់ធ្នាប់អន្តរជាតិត្រូវបានស្តារឡើងវិញ ហើយអាវុធរយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែន ខណៈខ្លួនបន្តការវាយលុកប្រឆាំងនឹងទាហានកាន់កាប់របស់រុស្ស៊ី»៕(ប្រែសម្រួលដោយ លោកសំណាង)