បរទេស ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មីកាលពីថ្ងៃសុក្រឱ្យបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ូដង់ និង ការពារជនស៊ីវិល។ សេចក្តីថ្លែងការណ៍ព័ត៌មានខ្លីនេះបានធ្វើឡើងបន្ទាប់ពីមានការពិគ្រោះយោបល់បិទទ្វារ ដោយស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អ.ស.ប។
ក្រុមប្រឹក្សាសន្តិសុខនេះ ក៏បានអំពាវនាវឱ្យមានការពង្រីកការផ្តល់ជំនួយមនុស្សធម៌ដល់ស៊ូដង់ និង ប្រទេសជិតខាងការគាំទ្រដល់បុគ្គលិកមនុស្សធម៌ និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិទៀតផង ។
ប្រទេសស៊ូដង់ បានធ្លាក់ចូលទៅក្នុងជម្លោះនៅពាក់កណ្តាលខែមេសា បន្ទាប់ពីភាពតានតឹងកាន់តែអាក្រក់ជាច្រើនខែបានផ្ទុះទៅជាការប្រយុទ្ធគ្នាដោយបើកចំហរវាងមេទ័ពជាគូប្រជែងដែលកំពុងព្យាយាមគ្រប់គ្រងប្រទេសអាហ្វ្រិកនេះ។
សង្រ្គាមនេះគឺជាការតតាំងរវាងកងទ័ពដែលដឹកនាំដោយឧត្តមសេនីយ៍ អាប់ឌែល ហ្វាតតា បឺហាន (Abdel-Fattah Burhan) ទល់នឹងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបញ្ជាដោយឧត្តមសេនីយ៍ ម៉ូហាម៉េដ ហាមដាន់ ដាកឡូ(Mohammed Hamdan Daglo)។
ចំណែកបទឈប់បាញ់រយៈពេលបីថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអូឌីត បានផុតកំណត់កាលពីព្រឹកថ្ងៃពុធ ហើយក្រុមអ្នកតវ៉ានិងអ្នកស្រុកបាននិយាយថា«ការប៉ះទង្គិចគ្នាបានបន្តរវាងកងទ័ពនិងកងកម្លាំងប្រដាប់អាវុធនៅក្នុងនិងជុំវិញរដ្ឋធានីកាទុំ»។
ចំពោះជម្លោះនេះត្រូវបានផ្តោតយ៉ាងសំខាន់នៅក្នុងរដ្ឋធានីនិងតំបន់ដាហ្វួ (Darfur) ភាគខាងលិចប្រទេសស៊ូដង់ដែលបានឃើញការវាយប្រហារផ្តោតលើជនជាតិភាគតិច នៅសហគមន៍មិនមែនអារ៉ាប់ ដោយកងកម្លាំងគាំទ្ររហ័សនិងកងជីវពលសម្ពន្ធមិត្ត នេះបើយោងតាមមន្ត្រីអ.ស.ប៕(ប្រែសម្រួលដោយ លោកសំណាង)