បរទេស ៖ អ្នកមានទាំង៥នាក់នៅលើនាវាមុជទឹកដែលបាត់ដាននៅជិតបំណែកកប៉ាល់ Titanic បានស្លាប់ភ្លាមៗបន្ទាប់ពីនាវារបស់ពួកគេបានទទួលរងនូវអ្វីដែលឆ្មាំសមុទ្រអាមេរិកនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាជា «ការផ្ទុះដ៏មហន្តរាយនៅក្នុងទីដ៏ជ្រៅនៃមហាសមុទ្រ»។
សេចក្តីប្រកាសដ៏ក្រៀមក្រំនេះ បានបញ្ចប់ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះចម្រុះជាតិសាសន៍ ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍ ចាប់តាំងពីនាវាទេសចរណ៍ដ៏តូចនេះបានបាត់ដាននៅមហាសមុទ្រអាត្លង់ទិកខាងជើងកាលពីបួនថ្ងៃមុនកន្លងទៅនេះ។
លោកឧត្តមនាវីឯក ចន មូហ្គើ (John Mauger) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបូស្តុន ថា «ការវិភាគបានបង្ហាញកម្ទេចកម្ទីដែលបានរកឃើញនៅបាតសមុទ្រនៅឆ្ងាយពីខ្មោចកប៉ាល់ Titanic ប្រមាណ ៥០០ ម៉ែត្រ គឺស្របទៅនឹងការផ្ទុះនៃបន្ទប់សម្ពាធរបស់នាវាមុជទឹក»។
លោកមូហ្គើបាននិយាយថា «តាងនាមឱ្យឆ្មាំសមុទ្រអាមេរិកនិងបញ្ជាការរួបរួមទាំងមូល ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំចំពោះក្រុមគ្រួសារទាំងនោះ»។
ចំពោះអ្នកនៅលើនាវានោះ រួមមាន អ្នករុករកជនជាតិអង់គ្លេសលោក ហាមីស ហាឌីង (Hamish Harding) អ្នកជំនាញនាវាមុជទឹកបារាំង លោក ផូល-ហង់រី ណាហ្សូឡេត (Paul-Henri Nargeolet) មហាសេដ្ឋីប៉ាគីស្ថាន-អង់គ្លេស លោក សាហ្សាដា ដាវូដ (Shahzada Dawood) និង កូនប្រុសរបស់គាត់ឈ្មោះ ស៊ូឡេម៉ាន់(Suleman) និង លោក ស្តុកតុន រ៉ាស់ (Stockton Rush) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន OceanGate Expeditions ដែលជាម្ចាស់របស់នាវាមុជទឹកនេះតែម្តង។
ក្រុមហ៊ុន OceanGate បាននិយាយថា «យើងសូមរំលែកទុក្ខជាមួយអ្នកបាត់បង់ជីវិត ទាំងប្រាំនាក់ ហើយសមាជិកគ្រប់រូបនៃគ្រួសាររបស់ពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ»។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បុរសទាំងនេះគឺជាអ្នករុករកពិតប្រាកដ ដែលបានចែករំលែកស្មារតីនៃការផ្សងព្រេង ដាច់ដោយឡែក និង ចំណង់ចំណូលចិត្តយ៉ាងជ្រាលជ្រៅសម្រាប់ការរុករកនិងការពារមហាសមុទ្ររបស់ពិភពលោក។ យើងសោកស្ដាយចំពោះការបាត់បង់ជីវិតនិងក្ដីអំណរដែលពួកគេបាននាំមកដល់អ្នករាល់គ្នាដែលពួកគេបានដឹង»។
ឆ្មាំសមុទ្របានប្រកាសកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា «រ៉ូបូតក្រោមទឹកបានរកឃើញ ដែនកម្ទេចកម្ទី នៅក្នុងតំបន់រុករក»៕(ប្រែសម្រួលដោយ លោកសំណាង)