បរទេស ៖ ប្រទេសសម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន កាលពីថ្ងៃពុធបានសន្យាធ្វើឱ្យរុស្ស៊ីបង់ថ្លៃសម្រាប់ការឈ្លានពានរបស់ខ្លួន ខណៈរដ្ឋាភិបាលនិងអ្នកវិនិយោគឯកជននានា បានជួបប្រជុំគ្នាដើម្បីផ្តល់មូលនិធិ ដល់ការកសាងប្រទេសនេះឡើងវិញ បណ្តាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាម។
បើតាមធនាគារពិភពលោក បានដាក់ការប៉ាន់ប្រមាណចំនួន ១៤ ពាន់លានដុល្លារលើតម្រូវការបន្ទាន់របស់អ៊ុយក្រែនដើម្បីជួសជុលការខូចខាតដែលបណ្តាលមកពីការប្រយុទ្ធគ្នា ។ ប៉ុន្តែការសិក្សាថ្មីមួយដោយធនាគារពិភពលោកអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា «ការស្តារសេដ្ឋកិច្ចឡើងវិញនឹងត្រូវចំណាយអស់ ៤១១ ពាន់លានដុល្លារឯណោះ»។
មានគណៈប្រតិភូនានា ចាប់ពីនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស ស្មីហ្គាល់ (Denys Shmygal) រហូតដល់នាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន បាននិយាយថា «វិមានក្រឹមឡាំងនឹងត្រូវបង់ថ្លៃនេះ»។
លោកប្លីងកិនបានប្រាប់ប្រតិភូក្នុងសន្និសីទក្រុងឡុងដ៍ថា «សូមបញ្ជាក់ឱ្យច្បាស់ ៖ រុស្ស៊ីកំពុងបង្កការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន ហើយរុស្ស៊ីនឹងទទួលបន្ទុកលើការកសាងអ៊ុយក្រែនឡើងវិញនៅទីបំផុត»។
លោកស៊ូណាក់បានសន្យារក្សាការដាក់ទណ្ឌកម្មដ៏តឹងតែងនៅនឹងកន្លែង រហូតទាល់តែរុស្ស៊ីបង់ថ្លៃ និងប្រើប្រាស់ទ្រព្យសម្បត្តិដែលរឹបអូសបានដើម្បីឱ្យអ៊ុយក្រែនងើបឈរឡើងវិញ ជាអ្វីដែលសហភាពអឺរ៉ុបនិយាយថា«ខ្លួននឹងពិនិត្យមើលផងដែរ»។
នៅក្នុងការបង្ហាញពីទំហំនៃការកសាងឡើងវិញជាចាំបាច់ លោកស្មីហ្គាល់បាននិយាយថា ការបំផ្លិចបំផ្លាញទំនប់កាខូវកា (Kakhovka) ដែលគ្រប់គ្រងដោយរុស្ស៊ីកាលពីដើមខែនេះ បានបណ្តាលឱ្យខូចខាតដល់បរិស្ថានប្រមាណ ១,៥ពាន់លានដុល្លារ។
តែនោះមិនរាប់បញ្ចូលការខាតបង់ក្នុងវិស័យកសិកម្ម ហេដ្ឋារចនាសម្ពន្ធ និងលំនៅឋាននោះទេ និង មិនទាន់បាននិយាយថាតើការសាងសង់រោងចក្រឡើងវិញនឹងចំណាយអស់ប៉ុន្មានផង៕(ប្រែសម្រួលដោយ លោកសំណាង)