បរទេស ៖ អាជ្ញាធរក្នុងតំបន់បាននិយាយថា ជនវាយប្រហារប៉ាឡេស្ទីនពីរនាក់បានបើកការបាញ់ប្រហារនៅភោជនីយដ្ឋាននិងស្ថានីយប្រេងឥន្ធនៈក្បែរកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់វេសប៊ែងកាលពីថ្ងៃអង្គារបណ្តាលឱ្យជនជាតិអ៊ីស្រាអែលបួននាក់បាត់បង់ជីវិតនិងរបួសជាច្រើននាក់ទៀត ខណៈកំដៅកំពុងដុតរោលនៅលើទឹកដីកាន់កាប់នេះ ពោលតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីមានការវាយឆ្មក់បង្ក្រាបរបស់យោធាអ៊ីស្រាអែល។
ចំណែកអ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែល បានព្យាយាមវាយសងសឹកនៅទូទាំងភាគខាងជើងតំបន់វេសប៊ែង ដោយបង្កើនការបារម្ភអំពីការកើតឡើងម្តងទៀតដូចខែកុម្ភៈឆ្នាំមុន ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែងនិងយានយន្តជាច្រើនរបស់ប៉ាឡេស្ទីន និង បណ្តាលឱ្យបុរសប៉ាឡេស្ទីនម្នាក់បាត់បង់ជីវិត ។
ឯមន្ត្រីក្រុងណាប្លឹស (Nablus) លោក ហ្គាសសាន ដាក្លាស (Ghassan Daghlas) បាននិយាយថា ឡានធំមួយរបស់អ្នកទីតាំងលំនៅជនជាតិអ៊ីស្រាអែលបានបើកទៅកាន់ទីប្រជុំជនប៉ាឡេស្ទីនភាគខាងជើងដូចជា ហាវ៉ារ៉ា(Hawara) បេអ៊ីត ហ្វួរីក (Beit Furik) បួរីន (Burin) និងភូមិជុំវិញដទៃទៀត ដោយដុតឡានរាប់សិបគ្រឿង គប់ដុំថ្មនិង ព្យាយាមដុតផ្ទះសម្បែង។ មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករងរបួសនោះទេ។
ចំពោះអំពើហិង្សាកាលពីថ្ងៃអង្គារ បានបញ្ជាក់ពីភាពផុយស្រួយនៃស្ថានការណ៍នៅតំបន់វេសប៊ែង កន្លែងដែលកាលពីថ្ងៃចន្ទ ការវាយឆ្មក់របស់យោធាអ៊ីស្រាអែលចូលទៅក្នុងជំរំជនភៀសខ្លួនជេនីន (Jenin) ភាគខាងជើងបានបញ្ឆេះការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បណ្តាលឱ្យជនជាតិប៉ាឡេស្ទីនប្រាំមួយនាក់បាត់បង់ជីវិត និងរបួសជាច្រើននាក់។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានកំណត់គោលដៅលើរថយន្តយោធារបស់អ៊ីស្រាអែលជាមួយនឹងគ្រាប់បែកដ៏មានឥទ្ធិពលកប់លើដងផ្លូវ ហើយកងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយឧទ្ធម្ភាគចក្រដែលមានកាំភ្លើងយន្តដើម្បីជម្លៀសទាហានដែលជាប់គាំង។
នៅក្នុងជំរំជនភៀសខ្លួនបាឡាតា (Balata) នៅជិតទីក្រុងណាភ្លឹសនៃតំបន់វេសប៊ែង កាលពីល្ងាចថ្ងៃអង្គារ ក្មេងជំទង់ជនជាតិប៉ាឡេស្ទីនពីរនាក់ត្រូវបានស្លាប់នៅពេលដែលគ្រឿងផ្ទុះកែច្នៃដែលពួកគេកំពុងកាន់ក្នុងដៃ បានផ្ទុះឡើងដោយចៃដន្យ។ ក្រុមសកម្មប្រយុទ្ធបានប្រាប់ឈ្មោះជនប៉ាឡេស្ទីនទាំងពីរនាក់នោះ គឺ ម៉ូហាម៉េដ ហាសា(Mohammed Hashah) អាយុ ១៧ ឆ្នាំ និង អាឡា ហាហ្វណាវី (Alaa Hafnawi) អាយុ ១៨ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្សទីបីបានរងរបួសដោយការផ្ទុះនេះដែរ ៕(ប្រែសម្រួលដោយ លោកសំណាង)