បរទេស ៖ លោក អេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីថ្ងៃចន្ទម្សិលមិញ បានអំពាវនាវឱ្យបណ្តាប្រទេសនៅអឺរ៉ុប ព្យាយាមស្វែងរកឯករាជ្យភាពបន្ថែមទៀត លើផ្នែកការពារដែនអាកាសនិងតស៊ូមតិប្រឆាំងនឹងការពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ជាបញ្ហាបែកបាក់ជាយូរមកហើយ ដែលឥឡូវកំពុងក្លាយជារឿងបន្ទាន់ដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកម៉ាក្រុងបានលើកករណីរបស់គាត់ខាងលើ សម្រាប់អឺរ៉ុបក្នុងការកសាងយុទ្ធសាស្ត្រការពារដែនអាកាសផ្ទាល់ខ្លួននៅក្នុងសុន្ទរកថាបិទសន្និសីទនៅទីក្រុងប៉ារីសដែលប្រមូលផ្តុំរដ្ឋមន្ត្រីការពារជាតិនិងអ្នកតំណាងផ្សេងទៀតនៃបណ្តាប្រទេសអឺរ៉ុបចំនួន ២០ប្រទេស ។
ចំណែកអ្នករៀបចំរបស់បារាំងបាននិយាយថា កិច្ចពិភាក្សានេះគឺនិយាយអំពីខែលប្រឆាំងនឹងដ្រូន និង ខែលប្រឆាំងនឹងមីស៊ីលផ្លោង ដោយកត់សម្គាល់ថា ការឈ្លានពានពេញទំហឹងរបស់រដ្ឋាភិបាលក្រុងមូស្គូលើអ៊ុយក្រែន បានបង្ហាញពីសារៈសំខាន់និងប្រសិទ្ធភាពនៃឧបករណ៍បែបនេះ។ ខែលការពារអាវុធនុយក្លេអ៊ែរ ក៏ស្ថិតនៅក្នុងរបៀបវារៈផងដែរ។
លោកម៉ាក្រុងបាននិយាយថា «យើងត្រូវដឹងថាតើស្ថានភាពគំរាមកំហែងមានលក្ខណៈបែបណា? ហើយបន្ទាប់មកតើយើងជាអឺរ៉ុបអាចផលិតអ្វីបាន? ហើយបន្ទាប់មកទៀតតើយើងត្រូវទិញអ្វីខ្លះ?»។ លោកបានព្រមានកុំឱ្យទិញភ្លាមៗនូវ«អ្វីដែលមាននៅលើធ្នើរ»។
សូមបញ្ជាក់ថា ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន អាល្លឺម៉ង់ អង់គ្លេស និងស៊ុយអែត ព្រមទាំងប្រទេសជិតខាងអ៊ុយក្រែន ដូចជា ប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី។ តំណាងអង្គការណាតូនិងសហភាពអឺរ៉ុបក៏បានចូលរួមផងដែរ៕(ប្រែសម្រួលដោយ លោកសំណាង)