ជម្លៀសមនុស្សជាង១០ម៉ឺននាក់ ខណៈព្យុះស៊ីក្លូន បក់បោកឥណ្ឌានិងប៉ាគីស្ថាន

បរទេស ៖ មានមនុស្សជាង ១០ម៉ឺននាក់ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសឥណ្ឌានិងប៉ាគីស្ថាន មុនពេលព្យុះស៊ីក្លូនដែលគេរំពឹងមកដល់ដីគោកនៅថ្ងៃព្រហស្បតិ៍នេះ ដែលអាចបំផ្លិចបំផ្លាញផ្ទះសម្បែង និង កាត់ផ្តាច់ខ្សែបណ្តាញអគ្គិសនី។

ក្រុមអ្នកឃ្លាំមើលអាកាសធាតុរបស់រដ្ឋាភិបាលប្រទេសឥណ្ឌាបាននិយាយថា ព្យុះស៊ីក្លូនឈ្មោះ បាយផាចយ(Biparjoy) ដែលមានន័យថា គ្រោះមហន្តរាយ ជាភាសាបេងហ្គាលី (Bengali) កំពុងធ្វើដំណើរឆ្លងកាត់សមុទ្រអារ៉ាប់ ហើយត្រូវគេរំពឹងថានឹងបោកបក់ទៅជា ព្យុះស៊ីក្លូនធ្ងន់ធ្ងរនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

ខ្យល់បោកបក់ខ្លាំង ខ្យល់ព្យុះ និង ភ្លៀងធ្លាក់ខ្លាំងត្រូវគេព្យាករណ៍ថា នឹងវាយលុកបណ្តោយឆ្នេរសមុទ្រប្រវែង ៣២៥គីឡូម៉ែត្ររវាងទីក្រុងម៉ាន់វី (Mandvi) ក្នុងរដ្ឋគូចារ៉ាត់ (Gujarat) របស់ឥណ្ឌា និងទីក្រុងការ៉ាជី (Karachi) ក្នុងប្រទេសប៉ាគីស្ថាន។

ចំណែកនាយកដ្ឋានឧតុនិយមរបស់ឥណ្ឌាបានព្យាករណ៍ថា ព្យុះនេះនឹងបោកបក់នៅជិតកំពង់ផែចាឃូ (Jakhau) របស់ឥណ្ឌានៅយប់ថ្ងៃព្រហស្បតិ៍ ដោយព្រមានពី ការបំផ្លិចបំផ្លាញទាំងស្រុង នូវផ្ទះប្រពៃណីធ្វើពីភក់និងស្បូវ។

ឯកំពង់ផែចាឃូដ៏មមាញឹក ខ្យល់បក់បោកខ្លាំង បានទាញទូកនេសាទធំៗជាង ៣០ គ្រឿងចូលមកច្រាំង ខណៈឆ្កែគ្មានម្ចាស់រាប់សិបក្បាលនាំគ្នារត់ឆ្លេឆ្លាជុំវិញច្រកចូលកំពង់ផែ។

អ្នកព្យាករណ៍បាននិយាយថា នៅឯសមុទ្រ ខ្យល់បានបក់បោកក្នុងល្បឿនរហូតដល់ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងគិតត្រឹមថ្ងៃពុធ។ ល្បឿនខ្យល់ត្រូវគេព្យាករណ៍ថានឹងមាន ១២៥-១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់ខ្លាំងបំផុតរហូតដល់ ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលវាមកដល់ដីគោក៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *