មេដឹកនាំបេឡារូសនិយាយថា «គាត់នឹងមិនស្ទាក់ស្ទើរក្នុងការប្រើអាវុធនុយក្លេអ៊ែរកល់យុទ្ធរបស់រុស្ស៊ីនោះឡើយ»

បរទេស ៖ លោក អាឡិចសាន់ឌ័រ លូកាសិនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារូស បានប្រកាសកាលពីថ្ងៃអង្គារថា «ប្រទេសរបស់លោកបានទទួលអាវុធនុយក្លេអ៊ែរកល់យុទ្ធ មួយចំនួនរបស់រុស្ស៊ីរួចហើយ ហើយបានព្រមានថា លោកនឹងមិនស្ទាក់ស្ទើរក្នុងការបញ្ជាឱ្យប្រើប្រាស់ពួកវានោះឡើយ ប្រសិនបើបេឡារូសប្រឈមមុខនឹងការឈ្លានពាន»។

ការអត្ថាធិប្បាយពីលោកលូកាសិនកូ ខាងលើនេះគឺផ្ទុយពីសេចក្តីថ្លែងការណ៍មុនរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលបាននិយាយថា អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសបេឡារូសនៅខែក្រោយ ហើយបានសង្កត់ធ្ងន់ថា ពួកវានឹងស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់មុខរបស់រដ្ឋាភិបាលក្រុងមូស្គូ។

សូមបញ្ជាក់ថា កាលពីដើមឆ្នាំនេះ លោកពូទីនបានប្រកាសពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយខ្លីទៅកាន់ប្រទេសជិតខាងរបស់រដ្ឋាភិបាលក្រុងមូស្គូនិងជាសម្ពន្ធមិត្ត បេឡារូស ក្នុងចំណាត់ការមួយដែលគេមើលឃើញយ៉ាងទូលំទូលាយថាជាការព្រមានដល់លោកខាងលិច ខណៈប្លុកសេរីបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែន។

កាលពីអំឡុងកិច្ចប្រជុំរបស់គាត់កាលពីថ្ងៃសុក្រជាមួយលោកលូកាសិនកូ លោកពូទីនបាននិយាយថា ការងារលើការសាងសង់កន្លែងសម្រាប់រក្សាទុកសព្វាវុធនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៧-៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយពួកវានឹងត្រូវផ្ទេរទៅកាន់ទឹកដីបេឡារូស ភ្លាមៗបន្ទាប់ពីនោះ។

ចំណែកលោកលូកាសិនកូបាននិយាយកាលពីថ្ងៃអង្គារថា «អ្វីៗបានត្រៀមរួចរាល់អស់ហើយ សម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ហើយវាអាចចំណាយពេលតែពីរបីថ្ងៃប៉ុណ្ណោះសម្រាប់ពួកយើងទទួលបាននូវអ្វីដែលយើងបានស្នើសុំ និង សូម្បីទទួលបានបន្ថែមទៀត»។

បន្ទាប់មកត្រូវបានសួរដោយពិធីករទូរទស្សន៍រដ្ឋរុស្ស៊ីថា«តើបេឡារូសបានទទួលអាវុធខ្លះហើយឬនៅនោះ? លោកលូកាសិនកូបានឆ្លើយតបទាំងស្ទាក់ស្ទើរថា «មិនមែនទាំងអស់នោះទេ គឺមកបន្តិចម្ដងៗ»។

លោកបន្តថា «យើងបានទទួលមីស៊ីលនិងគ្រាប់បែកពីរុស្ស៊ី ហើយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលនឹងដាក់ពង្រាយនៅបេឡារូស គឺមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីរបស់ជប៉ុនក្នុងឆ្នាំ ១៩៤៥ ដល់ទៅបីដងឯណោះ»៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *