ចាប់ផ្តើមជាផ្លូវការហើយ បាតុភូតកម្តៅ អែលនីណូ

បរទេស ៖ បាតុភូត អែលនីណូ (El Nino) បានត្រឡប់មកវិញជាផ្លូវការហើយ ហើយទំនងជាបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរនៅចុងឆ្នាំនេះ រាប់ចាប់ពីព្យុះស៊ីក្លូនត្រូពិច ដែលបោះពួយទៅកាន់តំបន់កោះប៉ាស៊ីហ្វិក ងាយរងគ្រោះរហូតដល់ការធ្លាក់ភ្លៀងខ្លាំងនៅអាមេរិកខាងត្បូង និង គ្រោះរាំងស្ងួតនៅអូស្ត្រាលី និង នៅតំបន់មួយចំនួននៃទ្វីបអាស៊ី។

បន្ទាប់ពីបីឆ្នាំនៃគំរូអាកាសធាតុឡានីណា (La Nina) ដែលជារឿយៗជួយបន្ថយសីតុណ្ហភាពពិភពលោកបន្តិចនោះបាតុភូតអែលនីណូ ដែលមានសភាពក្តៅជាងបានត្រឡប់មកធ្វើសកម្មភាពវិញហើយ ។ នេះបើយោងតាមសេចក្តីណែនាំដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់រដ្ឋបាលមហាសមុទ្រ និង បរិយាកាសជាតិរបស់សហរដ្ឋអាមេរិក។

ចំពោះបាតុភូតអែលនីណូ គឺកើតចេញពីទឹកក្តៅខុសពីធម្មតា នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតនៅជិតឆ្នេរសមុទ្រអាមេរិកខាងត្បូង ហើយជារឿយៗអមដោយខ្យល់បក់យឺតៗ ឬ ខ្យល់បក់បញ្ច្រាស់ទៅទិសខាងកើត។

យោងតាមសេចក្តីណែនាំសរសេរថា «ក្នុងខែឧសភា ស្ថានភាពអែលនីណូ ដែលខ្សោយបានលេចឡើង ខណៈសីតុណ្ហភាពលើផ្ទៃសមុទ្រជាមធ្យមបានកើនឡើង នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកនៃខ្សែអេក្វាទ័រ»។

នៅលើកចុងក្រោយដែលបាតុភូតអែលនីណូ កើតឡើងក្នុងឆ្នាំ២០១៦ ពិភពលោកបានជួបឆ្នាំក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រា។ គួបផ្សំនឹងការឡើងកម្តៅពីការប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០២៣ ឬ ២០២៤ អាចនឹងឈានដល់កម្រិតខ្ពស់ថ្មី៕ (ប្រែសម្រួលដោយ លោកសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *