បរទេស ៖ រដ្ឋាភិបាលក្រុងគៀវ កាលពីថ្ងៃអាទិត្យ ទី១១មិថុនាឆ្នាំ២០២៣បានប្រកាសថា «កងកម្លាំងទ័ពអ៊ុយក្រែន បានវាយដណ្តើមយកភូមិចំនួនបីមកវិញ នៅតំបន់ដូណិតសក៍ (Donetsk) ភាគខាងកើត ដែលជាប្រៀបឈ្នះលើកដំបូងនៃការវាយលុកថ្មីរបស់ពួកគេ»។
ចំណែកការិយាល័យរដ្ឋអាជ្ញាតំបន់ឃើសុន (Kherson) បាននិយាយថា «ថ្ងៃអាទិត្យក៏បានឃើញមនុស្សបីនាក់ស្លាប់និងយ៉ាងហោច ២៣ នាក់ផ្សេងទៀតបានរងរបួសផងដែរ ខណៈរុស្ស៊ីបានបាញ់ផ្លោងលើទូកសង្គ្រោះមួយ ដែលជម្លៀសជនស៊ីវិលចេញពីទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី»។
អ្នកវិភាគនៅវិទ្យាស្ថានសិក្សាសង្គ្រាម ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កងកម្លាំងរបស់រដ្ឋាភិបាលក្រុងគៀវបានបើកប្រតិបត្តិការវាយលុកនៅតំបន់សមរភូមិជួរមុខយ៉ាងហោចណាស់ចំនួនបួន។
ការរំពឹងទុកជាច្រើនខែ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ការវាយលុកប្រឆាំងនឹងកងកម្លាំងរុស្ស៊ីបានចាប់ផ្តើមហើយ។ បន្ទាប់មកកាលពីថ្ងៃអាទិត្យ ក៏បានប្រកាសពីការដណ្តើមបានភូមិទាំងបីខាងលើមកវិញ ដែលជាប្រៀបឈ្នះដ៏សំខាន់លើកដំបូងក្នុងយុទ្ធនាការថ្មីនេះ។
សេវាឆ្មាំព្រំដែនរដ្ឋបាននិយាយថា «ភូមិណេស្កាច់នេ (Neskuchne) នៃតំបន់ដូណិតសក៍ បានស្ថិតនៅក្រោមទង់ជាតិអ៊ុយក្រែនសាជាថ្មី»។
កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ កងទ័ពអ៊ុយក្រែនបាននិយាយថា ទាហានរបស់ខ្លួនបានដណ្តើមយកភូមិប្លាហ្គោដេតនេ (Blagodatne) នៅក្បែរនោះ។ កងកម្លាំងជើងគោកបានបញ្ចេញវីដេអូបង្ហាញទាហានដោតទង់ជាតិរបស់អ៊ុយក្រែន នៅលើអគារខ្ទេចខ្ទាំមួយ។
ចំណែកអ្នកនាំពាក្យយោធាលោក វ៉ាល់ឡឺរី សឺសិន (Valeriy Shershen) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ភូមិនេះស្ថិតនៅលើខ្សែព្រំដែននៃតំបន់ដូណិតសក៍ភាគខាងកើតនិងតំបន់ហ្សាផូរីហ្សហ្សា(Zaporizhzhia) ភាគខាងត្បូង ជាកន្លែងដែលរដ្ឋាភិបាលក្រុងមូស្គូរាយការណ៍អំពីការវាយលុកពីសំណាក់អ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរកាលពីសប្តាហ៍មុន។
លោកសឺសិនបានបន្ថែមថា កងកម្លាំងរបស់អ៊ុយក្រែនបានចាប់ខ្លួនទាហានរុស្ស៊ីនិងទាហានដែលគាំទ្រខាងរុស្ស៊ីជាច្រើននាក់។
នៅយប់ថ្ងៃអាទិត្យ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី ហ្គានណា ម៉ាល់យើ (Ganna Malyar) បាននិយាយថា កងកម្លាំងរបស់អ៊ុយក្រែនបានដណ្តើមយកភូមិទីបី គឺ ម៉ាការីវកា (Makarivka) ស្ថិតនៅភាគពាយព្យនៃភូមិប្លាហ្គោដេតនេ៕(ប្រែសម្រួលដោយ លោកសំណាង)