បរទេស ៖ អ្នកស្រុកនៅក្រុងឃើសុន (Kherson) របស់ប្រទេសអ៊ុយក្រែន បានជម្លៀសចេញពីផ្ទះរបស់ពួកគេ ក្រោមការបាញ់ផ្លោងកាំភ្លើងធំកាលពីថ្ងៃអង្គារ បន្ទាប់ពីផ្ទះសម្បែងបានជន់លិច ដោយការបាក់ទំនប់ទឹកដ៏ធំ ក្នុងគ្រោះមហន្តរាយមួយ ដែលរដ្ឋាភិបាលក្រុងគៀវ និង ក្រុងមូស្គូស្តីបន្ទោសគ្នាទៅវិញទៅមក។
ពលរដ្ឋនៅតំបន់នោះមួយចំនួនបានស្រែកយំ ខណៈពួកគេលើកអីវ៉ាន់ដាក់ចូលក្នុងរថយន្ត។ អ្នកឧតុនិយមម្នាក់ ដែលវាស់កម្ពស់ទឹកទន្លេនៅកន្លែងកើតហេតុ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «ទឹកមានកម្ពស់ខ្ពស់ជាងកាលពីថ្ងៃចន្ទ ៣,៥ ម៉ែត្រ មុនពេលទំនប់ត្រូវបានបំផ្លាញដោយសង្គ្រាម»។
ទីក្រុងឃើសុននៅច្រាំងទន្លេឌីនីប្រូ (Dnipro) ដ៏ធំរបស់អ៊ុយក្រែន គឺស្ថិតនៅទល់មុខ នឹងច្រាំងខាងកើត ដែលគ្រប់គ្រងដោយរុស្ស៊ី។ នៅខាងលើប្រហែល ៦០ គីឡូម៉ែត្រគឺមានទំនប់ទឹក ណូវ៉ា កាខូវកា (Nova Kakhovka) ជាសំណង់ប្រវែង ៣,២ គីឡូម៉ែត្រជំនាន់ទសវត្សរ៍ ១៩៥០ ដែលរដ្ឋាភិបាលក្រុងគៀវចោទប្រកាន់រុស្ស៊ីថា«បានបំផ្ទុះក្នុងអំពើភេរវកម្ម»។
ចំណែកវិមានក្រឹមឡាំងបានស្តីបន្ទោសអ៊ុយក្រែន ដោយនិយាយថា ពួកគេកំពុងព្យាយាមបង្វែរការចាប់អារម្មណ៍ពីការចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំ ដែលរដ្ឋាភិបាលក្រុងមូស្គូនិយាយថា «កំពុងបរាជ័យ»។មន្ត្រីបន្តុបដោយរុស្ស៊ីមួយចំនួនបាននិយាយថា «ទំនប់នេះបានបាក់ដោយខ្លួនឯង»។
លោកឈ្មោះ មីកូឡា (Mykola) អាយុ ៧៣ ឆ្នាំ ជានិវត្តជន បានដើរតាមផ្លូវឆ្ពោះទៅកាន់ដីស្ងួតដោយលុយទឹកលិចដល់ស្មា ហើយកាន់ទ្រព្យរបស់មួយចំនួនដែលគាត់អាចសង្គ្រោះបាន។ គាត់បាននិយាយថា «ទឹកនៅក្នុងផ្ទះល្វែងរបស់គាត់បានឡើងដល់ទ្រូងគាត់។ ប៉ុន្មាននាទីក្រោយមក សំឡេងកាំភ្លើងធំបានធ្វើឱ្យមនុស្សផ្អើលរកកន្លែងជ្រក»។ទីជម្រកមិនអាចរកឃើញស្រួលៗទេ ដោយសារទឹកឡើងយ៉ាងស្ងៀមស្ងាត់និងខ្ពស់ទៅៗនៅតាមដងផ្លូវរបស់ក្រុងឃើសុន។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា «មុននេះរុស្ស៊ីបានបាញ់ផ្លោងនៅតំបន់ដែលមនុស្សកំពុងជម្លៀសខ្លួនហើយមន្ត្រីប៉ូលិសពីរនាក់បានរងរបួស»។ទីក្រុងឃើសុន ដែលមានប្រជាជនមុនសង្គ្រាមជិត ៣០០.០០០ នាក់ ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីអស់រយៈពេលប្រាំបីខែ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន។
ចាប់តាំងពីវាត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលក្រុងគៀវវិញកាលពីខែវិច្ឆិកាឆ្នាំមុន ក្រុងឃើសុន បានជួបប្រទះការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងរុស្ស៊ីឆ្លងទន្លេឌីនីប្រូ៕(ប្រែសម្រួលដោយ លោកសំណាង)