បរទេស ៖ អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិ(អ.ស.ប)បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធ ថា បេសកជនពិសេសអ.ស.បសម្រាប់មីយ៉ាន់ម៉ានឹងចុះចេញពីតំណែងក្នុងខែមិថុនានេះ បន្ទាប់ពីកាន់តំណែងនេះបាន ១៨ ខែ ដែលក្នុងនោះលោកស្រី ត្រូវបានរិះគន់ដោយរបបយោធានិងគូប្រជែងរបស់យោធា។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយបញ្ចប់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យ រយៈពេលខ្លី និងបង្កឱ្យមានការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិចនិងក្រុមអ្នកប្រយុទ្ធនានា ដែលប្រឆាំងនឹងរដ្ឋប្រហារ។
ដោយកិច្ចខិតខំប្រឹងប្រែងការទូត ដែលដឹកនាំដោយអ.ស.បនិងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីដោះស្រាយវិបត្តិនេះ រហូតមកទល់ពេលនេះ គឺបរាជ័យមិនអាចទប់ស្កាត់ការបង្ហូរឈាម ដែលបង្កឡើងដោយរដ្ឋប្រហារនោះបានទេ។
លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) បាននិយាយថា លោកស្រី ណូលីន ហេយើ (Noeleen Heyzer) ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េស ក្នុងខែតុលា ឆ្នាំ ២០២១«នឹងបញ្ចប់ការចាត់តាំងរបស់លោកស្រីនៅថ្ងៃទី ១២ ខែមិថុនា នៅពេលដែលកិច្ចសន្យារបស់លោកស្រីបានបញ្ចប់»។
អ្នកនាំពាក្យរូបនេះ បន្តថា «សូមថ្លែងអំណរគុណចំពោះលោកស្រីហេយើ សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកស្រីក្នុងនាមសន្តិភាពនិងប្រជាជនមីយ៉ាន់ម៉ា ហើយបេសកជនថ្មីនឹងត្រូវតែងតាំង»។
លោកស្រីហេយើ ជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួន និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាម ដែលខ្លួនបានចាប់ផ្តើម បន្ទាប់ពីការផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី។
លោកស្រីបានបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីខែសីហាឆ្នាំមុន ហើយបានជួបជាមួយប្រមុខរបបយោធាលោក មីន អ៊ុងហ្លាំង និងមន្ត្រីយោធាកំពូលផ្សេងទៀត ក្នុងចំណាត់ការមួយដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថា«ជាការផ្តល់ភាពស្របច្បាប់ដល់ឧត្តមសេនីយ៍»។
ប៉ុន្តែលោកស្រីត្រូវបានបដិសេធ មិនឱ្យជួបជាមួយមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលកំពុងជាប់ឃុំ លោកស្រី អ៊ុងសាន ស៊ូជី នោះទេ ហើយក្រោយមកបានធ្វើឱ្យក្រុមមន្ត្រីរបបយោធាខឹងសម្បា ដែលបានចោទលោកស្រីថាចេញ«សេចក្តីថ្លែងការណ៍តែម្ខាង ពីអ្វីដែលបានពិភាក្សា»។
ក្រោយមកលោកស្រីបានប្តេជ្ញាថា នឹងមិនធ្វើដំណើរទៅប្រទេសនេះម្តងទៀតទេ លុះត្រាតែលោកស្រីត្រូវបានអនុញ្ញាតឱ្យជួបលោកស្រីស៊ូជី ដែលចាប់តាំងពីនោះមកត្រូវបានតុលាការរបបយោធាកាត់ទោសឱ្យជាប់ពន្ធនាគារសរុប ៣៣ ឆ្នាំ ៕(ប្រែសម្រួលដោយ លោកសំណាង)