បរទេស ៖ អ្នកនយោបាយមួយរូបរបស់រុស្ស៊ី បានហៅថាជាការវាយប្រហារដ៏អាក្រក់បំផុតលើរដ្ឋធានីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ថា ដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារទីក្រុងមូស្គូកាលពីថ្ងៃអង្គារទី៣០ឧសភាឆ្នាំ២០២៣ប៉ុន្តែត្រូវបានបង្ក្រាប ខណៈទីក្រុងគៀវ ក៏ត្រូវបានវាយប្រហារតាមផ្លូវអាកាសជាលើកទីបីក្នុងរយៈពេល ២៤ ម៉ោងផងដែរ។
បន្ទាប់ពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីខែកុម្ភៈឆ្នាំ២០២២ សង្រ្គាមភាគច្រើនគឺធ្វើឡើងតែក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ បើទោះបីជារដ្ឋាភិបាលក្រុងមូស្គូ បានរាយការណ៍អំពីការវាយប្រហារមួយចំនួនលើទឹកដីរបស់ខ្លួនក៏ដោយ ហើយថា ដ្រូនមួយបានប៉ុនប៉ងធ្វើឃាដប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
លោក សឺហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្បាននិយាយថា ការវាយប្រហារដោយដ្រូនកាលពីព្រឹកព្រលឹមថ្ងៃអង្គារ បានបណ្តាលឱ្យមនុស្សពីរនាក់រងរបួស ខណៈអ្នកស្រុកមួយចំនួននៅក្នុងផ្ទះល្វែងដែលរងការខូចខាតស្រាល ត្រូវបានជម្លៀសចេញក្នុងរយៈពេលដ៏ខ្លី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ដ្រូនចំនួនប្រាំបីគ្រឿង ដែលបញ្ជូនដោយរដ្ឋាភិបាលក្រុងគៀវ ត្រូវបានបាញ់ទម្លាក់ ឬ បង្វែរទិសដៅ បើទោះបីជាឆានែលតេឡេក្រាមផ្នែកសន្តិសុខឈ្មោះ Baza បាននិយាយថា មានដ្រូនប្រហែល ២៥ គ្រឿងបានចូលរួមក៏ដោយ។
ចំណែកអ្នកស្រុកបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះតាមពីក្រោយដោយក្លិនសាំង។ អ្នកខ្លះបានថតវីដេអូទិដ្ឋភាពដ្រូនកំពុងត្រូវបានបាញ់ទម្លាក់ ហើយមានផ្សែងហុយឡើងលើមេឃក្នុងទីក្រុងមូស្គូ។
សមាជិកសភាលោក ម៉ាស៊ីម អ៊ីវ៉ានូវ (Maxim Ivanov) បានហៅវាថា ជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតលើទីក្រុងមូស្គូចាប់តាំងពីពួកណាស៊ី ដោយនិយាយថា គ្មានពលរដ្ឋណាម្នាក់អាចគេចផុតពី ការពិតថ្មីនេះបានទេ។ លោកបាននិយាយថា អ្នកត្រូវតែកម្ចាត់សត្រូវដោយកណ្តាប់ដៃជាមួយមាតុភូមិរបស់យើងឬមិនអ៊ីចឹងទេក្តីអាម៉ាស់នៃភាពកំសាកញីការចូលដៃជាមួយសត្រូវ និងការក្បត់ជាតិ នឹងលេបត្របាក់គ្រួសាររបស់អ្នក។
សូមបញ្ជាក់ថា កាលពីពីរសប្តាហ៍មុន មានដ្រូនពីរគ្រឿងបានផ្ទុះនៅលើវិមានក្រឹមឡាំង នៅក្នុងការវាយប្រហារមួយដែលរុស្ស៊ីស្តីបន្ទោសលើរដ្ឋាភិបាលក្រុងគៀវ ហើយនិយាយថា«មានគោលដៅវាយលើលោកពូទីន»៕(ប្រែសម្រួល ដោយលោកសំណាង)