បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិក Boeing គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាម សម្រាប់ការផលិតគ្រឿងបន្លាស់ និង ឧបករណ៍យន្តហោះនេះ ។
លោក ស្ទីវ ប៊ីហ្គាន់ (Steve Biegun) អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនទទួលបន្ទុកគោលនយោបាយសាធារណៈពិភពលោក បានពិភាក្សាអំពីផែនការនេះជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម គឺលោក ង្វៀនហុងទៀន (Nguyen Hong Dien) នៅខាងក្រៅក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៦ ឧសភាឆ្នាំ២០២៣ ។
ក្រុមហ៊ុនវៀតណាម និង បរទេសផលិតគ្រឿងបន្លាស់ឱ្យក្រុមហ៊ុន Boeing នៅវៀតណាម ប៉ុន្តែក្រុមហ៊ុនរបស់វៀតណាមភាគច្រើនផលិតគ្រឿងបន្លាស់ថោកៗ ហើយអ្នកផ្គត់ផ្គង់បរទេសភាគច្រើនគឺមកពីសហរដ្ឋអាមេរិក ជប៉ុននិង កូរ៉េខាងត្បូង។
លោកទៀនបានអំពាវនាវឱ្យក្រុមហ៊ុន Boeing បង្កើនល្បឿនបណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិជ្ជានៅវៀតណាម ហើយវៀតណាមមានក្រុមហ៊ុនផលិតគ្រឿងមេកានិក ដែលអាចជាដៃគូសក្តានុពលសម្រាប់ក្រុមហ៊ុន Boeing ហើយក្រសួងរបស់លោកនឹងផ្តល់ការគាំទ្រសម្រាប់ពួកគេក្នុងការផ្សាភ្ជាប់គ្នា។
ចំណែកក្រុមហ៊ុន Boeing បានវិនិយោគនៅក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ ១៩៩៥ ហើយបានរួមចំណែកដល់ឧស្សាហកម្មក្នុងស្រុក ដោយផ្តល់ជំនួយបច្ចេកទេស សម្រាប់វិស័យការពារជាតិនិងអាកាសចរណ៍ពាណិជ្ជកម្មព្រមទាំងជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការទទួលបានអាជ្ញាប័ណ្ណហោះហើរត្រង់ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់សហរដ្ឋអាមេរិកតែម្តង ៕(ប្រែសម្រួលដោយ លោកសំណាង)