បរទេស ៖ មានក្រុមបាតុករអាកាសធាតុជាង១ ៥០០នាក់ ត្រូវបានប៉ូលិសហូឡង់ចាប់ខ្លួនបន្ទាប់ពីបានបិទផ្លូវធំមួយក្នុងទីក្រុងឡាអេ ក្នុងអំឡុងការតវ៉ា ដែលរៀបចំដោយអង្គការ Extinction Rebellion ហើយសកម្មជនបានដើរលើផ្លូវA12 ទាមទារឱ្យបញ្ចប់ការឧបត្ថម្ភធនឥន្ធនៈហ្វូស៊ីល។
ប៉ូលិសក្នុងតំបន់ បានបាញ់កាណុងបាញ់ទឹកដើម្បីព្យាយាមបំបែកហ្វូងមនុស្ស ប៉ុន្តែមានមនុស្សជាច្រើនបានត្រៀមអាវភ្លៀងនិងឈុតហែលទឹករួចជាស្រេច ហើយអ្នកតវ៉ា ដែលត្រូវបានចាប់ខ្លួនភាគច្រើន ត្រូវបានដោះលែងវិញ ប៉ុន្តែប៉ូលិសនិយាយថា «មនុស្ស៤០នាក់នឹងត្រូវកាត់ទោស»។
កាលពីថ្ងៃសៅរ៍ ក្នុងចំណោមអ្នកតវ៉ា គឺមានតារាហូឡង់ល្បីៗជាច្រើននាក់ រួមទាំងតារាសម្ដែង នាង ខារ៉ាយ វ៉ាន់ ហូធិន(Carice van Houten) ដែលគេស្គាល់សម្រាប់ការសម្ដែងជាតួ Melisandre ក្នុងរឿងភាគទូរទស្សន៍ Game of Thronesក៏បានចូលរួមដែរ។ ទីភ្នាក់ងារសារព័ត៌មានហូឡង់ ANP បាននិយាយថា «នាងត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ»។
ចំណែកអង្គការ Extinction Rebellion បានចោទប្រកាន់ប៉ូលិសថា«បានប្រើកាណុងបាញ់ទឹក បន្ទាប់ពីការបិទផ្លូវចាប់ផ្តើមបានតែ១៥នាទី ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេបានសុំឱ្យសកម្មជនចាកចេញនិងផ្តល់ឱកាសឱ្យពួកគេធ្វើដូច្នេះ មុនពេលប្រើកាណុងបាញ់ទឹក។ មានមនុស្ស ១.៥៧៩ នាក់ ដែលបដិសេធមិនព្រមចាកចេញ ត្រូវបានចាប់ខ្លួន។
បើតាមវេបសាយព័ត៌មានក្នុងស្រុក De Telegraaf បានរាយការណ៍ថា «មនុស្សភាគច្រើនត្រូវបានសែងចេញនិងដឹកតាមឡានក្រុង។ ចំណែកសេវាអយ្យការរបស់ហូឡង់បាននិយាយថា ពួកគេភាគច្រើននឹងមិនត្រូវបានកាត់ទោសទេព្រោះវាជា បទល្មើសតូចតាច ហើយគោលបំណងសំខាន់នៃការចាប់ខ្លួនគឺដើម្បីបញ្ចប់ការបិទផ្លូវប៉ុណ្ណោះ ។
ប៉ូលិសបាននិយាយថា មនុស្ស ៤០ នាក់នឹងនៅតែត្រូវកាត់ទោស បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋផ្សេងៗ ដូចជាការបំផ្លិចបំផ្លាញ និងការជំទាស់នឹងការចាប់ខ្លួន ដែលបណ្តាលឱ្យមានរបួស។ ការចាប់ខ្លួននេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយផ្លូវត្រូវបានបើកវិញនៅព្រឹកព្រលឹមថ្ងៃសៅរ៍។
ឯអង្គការ Extinction Rebellion បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦.០០០ នាក់បានធ្វើបាតុកម្មនៅលើផ្លូវA12 ឬនៅក្បែរវា រួមទាំងវង់តន្រ្តី A12 ដែលមានតន្ត្រីករជាង ៨០ នាក់។ វាជាលើកទីប្រាំពីរហើយដែលក្រុមបាតុករExtinction Rebellion បានបិទផ្លូវ A12។ ការតវ៉ានៅលើផ្លូវនេះត្រូវបានហាមឃាត់ក្រោមច្បាប់ ដែលនាំមកដោយអភិបាលក្រុង៕(ប្រែសម្រួលដោយ លោកសំណាង)