បរទេស ៖ រថភ្លើងល្បឿនលឿនដំបូងគេ របស់ប្រទេសឥណ្ឌូណេស៊ី ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតា ទៅទីក្រុងបានឌុង (Bandung) ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទីបួនរបស់ប្រទេសនោះ បានបញ្ចប់ការសាកល្បងក្នុងល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីថ្ងៃចន្ទ ដោយបានទៅដល់គោលដៅរបស់ខ្លួនក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
ចំពោះការសាកល្បងដំបូងក្នុងចំណោមការសាកល្បងជាច្រើនទៀតនឹងឃើញល្បឿនរថភ្លើងកើនឡើងជាលំដាប់រហូតដល់ ៣៨៥ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយការជិះរថភ្លើងកាលពីថ្ងៃចន្ទបានជួយកាត់បន្ថយពេលវេលាពាក់កណ្តាលនៃការធ្វើដំណើរតាមរថយន្ត ដែលជាធម្មតាចំណាយប្រហែល ២ម៉ោងកន្លះរវាងទីក្រុងទាំងពីរ។
បើតាមរយៈពេលនៃការធ្វើដំណើរតាមរថភ្លើងនឹងត្រូវបានកាត់បន្ថយបន្ថែមទៀតមកនៅត្រឹមតែប្រហែល ៤០ នាទីនៅពេលដែលរថភ្លើងចាប់ផ្តើមដំណើរការក្នុងល្បឿនអតិបរមារបស់វា ហើយការចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មគ្រោងធ្វើឡើងនៅខែសីហា ខាងមុខ។
គម្រោងសាងសង់ផ្លូវដែកប្រវែង ១៤២ គីឡូម៉ែត្រនេះបានចាប់ផ្តើមក្នុងឆ្នាំ ២០១៦ ហើយវាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអំពីក្រវាត់និងផ្លូវរបស់ចិន ហើយបានធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលមានផ្លូវរថភ្លើងល្បឿនលឿន។
ការរត់សាកល្បងកាលពីថ្ងៃចន្ទបានប្រើរថភ្លើងត្រួតពិនិត្យ ដែលវាពាក់ព័ន្ធនឹងការត្រួតពិនិត្យដំណើរការនៃរចនាសម្ពន្ធផ្លូវ រំញ័រ ការផ្គត់ផ្គង់ថាមពលដល់ខ្សែរថភ្លើង ទំនាក់ទំនង និង ការងារផ្តល់សញ្ញានិងប្រព័ន្ធផ្សេងទៀត ហើយពួកវាទាំងអស់ដំណើរការបានយ៉ាងល្អ។
កាសែត The Straits Times ទូរទស្សន៍ KompasTV ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតា និងទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ត្រូវបានអញ្ជើញឱ្យឡើងជិះរថភ្លើងត្រួតពិនិត្យនេះ។
ល្បឿនបច្ចេកទេសអតិបរិមាត្រូវគេនិយាយថា«មានល្បឿន ៣៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការសាកល្បងចុងក្រោយក្នុងបីសប្តាហ៍ទៀតត្រូវគេរំពឹងថានឹងសម្រេចបាននូវល្បឿននេះ»៕(ប្រែសម្រួលដោយ លោកសំណាង)