បណ្តាញសង្គមTikTok ប្តឹងដើម្បីបញ្ឈប់ការហាមឃាត់ នៅរដ្ឋម៉ុងតាណា

បរទេស ៖ បណ្តាញសង្គមTikTok កាលពីថ្ងៃចន្ទទី២២ឧសភាឆ្នាំ២០២៣ បានប្តឹងទៅតុលាការសហព័ន្ធអាមេរិកដើម្បីបញ្ឈប់រដ្ឋម៉ុងតាណា (Montana) ពីការអនុវត្តការហាមឃាត់ទាំងស្រុងលើកម្មវិធីចែករំលែកវីដេអូនេះ។

TikTok បានប្រកែកនៅក្នុងបណ្តឹងនេះថា «ការហាមប្រាមមិនធ្លាប់មានពីមុនមក ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ គឺជាការរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។

ចំណែកអ្នកនាំពាក្យ TikTok បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងជឿថាបញ្ហាប្រឈមផ្លូវច្បាប់របស់យើងនឹងឈ្នះ ដោយផ្អែកលើសំណុំនៃយុត្តិសាស្រ្តនិងអង្គហេតុដ៏ខ្លាំងក្លា»។

លោក ក្រេក ចៀនហ្វតតេ (Greg Gianforte) អភិបាលរដ្ឋម៉ុងតាណា បានចុះហត្ថលេខាលើការហាមឃាត់មិនធ្លាប់មានពីមុននេះទៅជាច្បាប់នៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ២០២៣កន្លងទៅ។ លោកបាននិយាយនៅលើ Twitter ថា«លោកគាំទ្រការហាមឃាត់នេះក្នុងគោលបំណង ការពារទិន្នន័យផ្ទាល់ខ្លួននិងឯកជនភាពរបស់ពលរដ្ឋម៉ុងតាណាពីបក្សកុម្មុយនីស្តចិន»។

ឯTikTok បានជំទាស់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា «រដ្ឋបានអនុម័តវិធានការវិសាមញ្ញនិងមិនធ្លាប់មានពីមុនមកនេះដោយគ្មានផ្អែកលើអ្វីក្រៅតែពីការប៉ាន់ស្មានដោយគ្មានមូលដ្ឋាន»។

ចំពោះអ្នកប្រើប្រាស់ TikTok ៥នាក់ កាលពីសប្តាហ៍មុនបានដាក់ពាក្យបណ្តឹងរបស់ពួកគេ ដោយអំពាវនាវឱ្យតុលាការសហព័ន្ធលុបចោលការហាមឃាត់របស់រដ្ឋម៉ុងតាណា លើកម្មវិធីនេះ ដោយលើកហេតុផលថា «វារំលោភលើសិទ្ធិនិយាយស្តីដោយសេរីរបស់ពួកគេ»។

ចំណែកពាក្យបណ្តឹងទាំងពីរ ដែលប្តឹងប្រឆាំងនឹងរដ្ឋម៉ុងតាណា បានប្រកែកថា រដ្ឋកំពុងព្យាយាមប្រើអំណាចសន្តិសុខជាតិ ដែលមានតែរដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះដែលអាចប្រើបាន និងកំពុងរំលោភលើសិទ្ធិបញ្ចេញមតិដោយសេរីនៅក្នុងដំណើរការនេះ។

TikTok អំពាវនាវដល់តុលាការសហព័ន្ធឱ្យប្រកាសការហាមប្រាមរបស់រដ្ឋម៉ុងតាណាលើកម្មវិធីរបស់ខ្លួនមិនស្របតាមរដ្ឋធម្មនុញ្ញ និងរារាំងរដ្ឋនេះកុំឱ្យដាក់វាចូលជាធរមាន។

ពាក្យបណ្តឹង ដែលដាក់ដោយអ្នកប្រើប្រាស់ TikTok អះអាងថា «រដ្ឋម៉ុងតាណាមិនអាចហាមឃាត់អ្នកស្រុករបស់ខ្លួនពីការមើលឬបង្ហោះចូល TikTok ជាងការដែលខ្លួនអាចហាមឃាត់កាសែត Wall Street Journal ដោយសារតែអ្នកណាជាម្ចាស់វាឬគំនិតដែលវាបោះពុម្ពផ្សាយនោះទេ»។

TikTok គឺគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ហើយត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយអាម៉េរិកថាបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន និងជាឧបករណ៍ចារកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំង ជាអ្វីដែលក្រុមហ៊ុនបានបដិសេធយ៉ាងខឹងសម្បា។

ម៉ុងតាណា បានក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិកដែលហាមប្រាម TikTok ដោយច្បាប់នឹងចូលជាធរមាននៅឆ្នាំក្រោយ ខណៈការជជែកពិភាក្សាកាន់តែកើនឡើងជុំវិញផលប៉ះពាល់និងសុវត្ថិភាពនៃកម្មវិធីវីដេអូដ៏ពេញនិយមនេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *