បរទេស ៖ អ្នករៀបចំបេសកកម្មឡើងភ្នំអេវើរ៉េស បាននិយាយកាលពីថ្ងៃសុក្រថា «អ្នកឡើងភ្នំពីរនាក់ទៀតបានបាត់បង់ជីវិតនៅលើភ្នំអេវើរ៉េស ដោយធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតនៅលើកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ក្នុងរដូវឡើងភ្នំនេះកើនដល់៩នាក់ ដែលជាមធ្យមអ្នកឡើងភ្នំប្រហែល៥នាក់បានបាត់បង់ជីវិត នៅលើភ្នំកម្ពស់ ៨.៨៤៩ ម៉ែត្ររៀងរាល់រដូវផ្ការីក»។
ប៉ុន្តែឆ្នាំនេះចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងជិតទ្វេដងនៃចំនួនអ្នកបាត់បង់ជីវិតជាមធ្យម ពោលមិនទាន់ដល់ពាក់កណ្តាលរដូវកាលផង។ តំបន់លើ ៨.០០០ ម៉ែត្រត្រូវគេស្គាល់ថាជា «តំបន់មរណៈ» ជាកន្លែងដែលខ្យល់តិចនិងកម្រិតអុកស៊ីសែនទាបនឹងបង្កើនហានិភ័យនៃការឈឺដោយសារកម្ពស់ខ្ពស់ ហើយតំបន់នេះមានកេរ្តិ៍ឈ្មោះល្បីអសោចដោយសារស្ថានភាពលំបាករបស់វា។
លោក នីវេស ម៉ាគី (Nivesh Karki) មកពីក្រុមហ៊ុន Pioneer Adventure បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «អ្នកឡើងភ្នំម៉ាឡេស៊ីអាយុ ៥៥ ឆ្នាំបានបាត់បង់ជីវិតនៅថ្ងៃនេះ នៅពីលើជំរំ Camp Four ខណៈគាត់កំពុងចុះមកវិញដោយមិនបានទៅដល់កំពូល ហើយអ្នកឡើងភ្នំចិនម្នាក់បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍»។
ចំណែកប្រទេសនេប៉ាល់ បានចេញលិខិតអនុញ្ញាតចំនួន ៤៧៨ ដល់អ្នកឡើងភ្នំបរទេសក្នុងរដូវកាលនេះ ដែលដំណើរការរហូតដល់ដើមខែមិថុនា ៕(ប្រែសម្រួលដោយ លោកសំណាង)