បរទេស ៖ ប៉ូលិសប៉ាគីស្ថាន បានបន្តការឡោមព័ទ្ធជុំវិញផ្ទះរបស់លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ខណៈកាលកំណត់រយៈពេល ២៤ ម៉ោង ដែលផ្តល់ឱ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ ប្រគល់ជនសង្ស័យដែលសម្ងំជ្រកកោននៅខាងក្នុង បានផុតកំណត់កាលពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ។
ការឡោមព័ទ្ធ និង ការទាមទាររបស់អាជ្ញាធរសម្រាប់ជនសង្ស័យ ដែលគេតាមចាប់ខ្លួននៅក្នុងការតវ៉ាដោយហិង្សាជុំវិញការឃុំខ្លួនលោកខាន់នាពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់អតីតនាយករដ្ឋមន្ត្រីខឹងសម្បា និងបង្កើនការបារម្ភអំពីការប៉ះទង្គិចជាថ្មីរវាងពួកគេនិងកងកម្លាំងសន្តិសុខ។
នៅសប្តាហ៍មុន អ្នកគាំទ្ររបស់លោកខាន់បានវាយប្រហារទ្រព្យសម្បត្តិសាធារណៈនិងបន្ទាយយោធា បន្ទាប់ពីគាត់ត្រូវបានយកចេញពីបន្ទប់សវនាការ និងត្រូវបានចាប់ខ្លួននៅក្នុងសំណុំរឿងពុករលួយ។ មានមនុស្សប្រមាណ១០ នាក់ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយប៉ូលិសទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ហើយអំពើហិង្សាបានធូរស្រាល ទាល់តែពេលដែលតុលាការកំពូលរបស់ប៉ាគីស្ថានបានបញ្ជាឱ្យដោះលែងលោកខាន់។
កាលពីថ្ងៃអង្គារកន្លងទៅ លោកខាន់បានទាមទារឱ្យមានការស៊ើបអង្កេតលើអំពើហិង្សាប៉ុន្តែបានបដិសេធថា អ្នកគាំទ្ររបស់លោកមិនបាននៅពីក្រោយវាឡើយ។ លោកខាន់បានចោទប្រកាន់គណបក្សកាន់អំណាចរបស់ប៉ាគីស្ថានថា បានព្យាយាមបង្កបញ្ហារវាងអ្នកគាំទ្រនិងកងទ័ពរបស់គាត់ ដោយមិនបង្ហាញភស្តុតាងណាមួយនៃការអះអាងរបស់គាត់ឡើយ។ លោកបានកំពុងនិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំនៅក្នុងផ្ទះរបស់គាត់ បើទោះជាមានប៉ូលិសនៅជុំវិញផ្ទះក៏ដោយចុះ។
ចំពោះមេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយរូបនេះ ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីចុងសប្តាហ៍ ហើយបានត្រឡប់ទៅផ្ទះរបស់គាត់វិញនៅក្នុងសង្កាត់ដ៏ធំទូលាយមួយនៃទីក្រុងឡាហ័រ (Lahore) ជាទីក្រុងធំទីពីររបស់ប៉ាគីស្ថាននិងជារដ្ឋធានីនៃតំបន់ពុនចាប (Punjab) ។ អ្នកគាំទ្ររបស់លោក រាប់សិបនាក់បានស្នាក់នៅទីនោះជាមួយគាត់រួមជាមួយនឹងឆ្មាំឯកជន។ ប៉ូលិសបានឡោមព័ទ្ធលំនៅឋានរបស់គាត់កាលពីថ្ងៃពុធដោយនិយាយថា «ពួកគេចង់ឱ្យប្រគល់ជនសង្ស័យ៤០នាក់»។
លោកខាន់ ត្រូវបានបញ្ចប់ឱសានវាទនៅម៉ោង ២ រសៀលម៉ោងក្នុងស្រុក ប៉ុន្តែភ្លាមៗ នោះមិនទាន់មានសញ្ញានៃចលនាមិនធម្មតារបស់ប៉ូលិសទេ។ គណបក្សរបស់លោកខាន់ គឺប៉ាគីស្ថានថេរិកអេអ៊ីនសាហ្វ (Pakistan Tehreek-e-Insaf) បានអញ្ជើញអ្នកសារព័ត៌មានមកផ្ទះដើម្បីធ្វើជាសាក្សីពីការវាយឆ្មក់របស់ប៉ូលិស។
នៅប៉ុន្មានម៉ោងបន្ទាប់ពីការផុតកំណត់នៃឱសានវាទ លោក ហាសសាន ចាវេដ (Hassan Javed) មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់អ្នកសារព័ត៌មានថា «ក្រុមមន្រ្តីកំពុងរង់ចាំសញ្ញាពីរដ្ឋាភិបាលដើម្បីចាប់ផ្តើមការឆ្មក់ចូល»។
លោកបានបន្តថា «ប៉ូលិសបានចាប់ខ្លួនជនសង្ស័យយ៉ាងតិច ៨ នាក់ បន្ទាប់ពីពួកគេបានចាកចេញពីផ្ទះរបស់លោកខាន់ហើយព្យាយាមរត់គេចតាមប្រឡាយក្បែរនោះ»៕(ប្រែសម្រួលដោយ លោកសំណាង)