ភ្នំពេញ ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា សមត្ថកិច្ចជាច្រើននាក់ បានចុះទៅដល់ទីតាំងចំណុចកើតហេតុ ក្រោយពលរដ្ឋរាយការណ៍ថា មានករណីប្លន់យកទ្រព្យសម្បត្តិ អស់ប្រហែល២០ម៉ឺនដុល្លារ ខណៈកំពុងធ្វើដំណើរចេញពីផ្ទះ ទៅលក់មាស នៅផ្សារស្ទឹងមានជ័យ(ចាស់) ។

ជនរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិរបស់គាត់ មានលុយនិងគ្រឿងអលង្កា សរុបប្រមាណជិត២០ម៉ឺនដុល្លារ ត្រូវបានជនប្រដាប់អាវុធ៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពប្លន់យកទៅបាត់ កាលពីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីពួកគាត់ចេញពីផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ធ្វើដំណើរទៅផ្សារស្ទឹងមានជ័យ ។
ក្រោយទទួលបានករណីនេះ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានចុះទៅដល់ផ្ទះជនរងគ្រោះ និងត្រួតពិនិត្យ ចំណុចកើតហេតុ ដើម្បីស្វែងរកក្រុមជនល្មើស និងលម្អិតពីករណីនេះ ៕ ដោយ ៖ គា សំណាង

