ទុស្សេចរន្តអគ្គិសនី ឆេះតូបលក់ដូរអស់២តូប ក្នុងផ្សារកំពង់ស្ពឺ

កំពង់ស្ពឺ ៖ មានករណីអគ្គិភ័យឆេះតូបក្នុងផ្សារកំពង់ស្ពឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ អស់ចំនួន ២តូប កាលពីថ្ងៃអង្គារ ទី១៦ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង១០នាទីយប់ ដោយមូលហេតុទុស្សេចរន្តអគ្គិសនី។

សមត្ថកិច្ចនិយាយថា ម្ចាស់ទី១-ឈ្មោះ ផាន់ សុខលីន ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃស្លឹក សង្កាត់ច្បារមនក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរលក់ខោអាវ ឆេះខូចខាតតូបអស់ចំនួន ១ខ្នង ទំហំ ១.៨០គុណនឹង១.៨០ម៉ែត្រ ធ្វើអំពីដែក ឆេះសម្ភារប្រើប្រាស់ក្នុងតូបអស់ទាំងស្រុង និង ម្ចាស់ទី២-ឈ្មោះកែន សុភិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ក្រណាត់ប៉ាក់ មានទីលំនៅភូមិពង្រ សង្កាត់កណ្ដោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  ឆេះខូចខាតតូបអស់ចំនួន ១ខ្នង ទំហំ១មx៣ម៉ែត្រ ធ្វើអំពីដែក និងឆេះសម្ភារក្នុងតូបអស់ទាំងស្រុង។

ក្នុងកិច្ចប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គីភ័យបានការដឹកនាំចង្អុលបញ្ជាដោយផ្ទាល់ពីឯកឧត្តម សរ សុពត្រាអភិបាលរងខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានប្រើប្រាស់កម្លាំងសរុបចំនួន ៥០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ហើយសរុបប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន។ 

សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុដែលធ្វើឱ្យឆាបឆេះបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី តែករណីខាងលើមិនបណ្ដាលឱ្យរងរបួសមនុស្សទេ ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *