បាត់បង់ជីវិត ដោយសារព្យុះម៉ូកាកើនដល់៨១នាក់ នៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា ៖ ប្រជាជនប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយព្យុះស៊ីក្លូន បានបាត់បង់ជីវិត កើនឡើងដល់យ៉ាងហោចណាស់៨១នាក់ កាលពីថ្ងៃអង្គារ ទី១៦ ខែឧសភាឆ្នាំ២០២៣ ។ នេះបើយោងតាមមេដឹកនាំក្នុងស្រុក មន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈអ្នកភូមិបានព្យាយាមផ្គុំបំណែកផ្ទះសម្បែង និងរង់ចាំជំនួយនិងការគាំទ្រនានា។

ព្យុះម៉ូកា (Mocha) បានបក់បោកមកដល់ដីគោកកាលពីថ្ងៃអាទិត្យជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយរំលំបង្គោលភ្លើង និងវាយកម្ទេចទូកនេសាទឈើ ឱ្យបាក់ជាបំណែកៗ។

អាជ្ញាធរក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុថា យ៉ាងហោចណាស់មនុស្ស ៤៦ នាក់បានបាត់បង់ជីវិត នៅក្នុងភូមិប៊ូម៉ា (Bu Ma) នៃរដ្ឋរ៉ាឃីន និងភូមិក្បែរខាង ខួងដូកេកា (Khaung Doke Kar) ជាកន្លែងរស់នៅរបស់ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុក្ខបុកម្នេញ។

បើយោងតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានឱ្យដឹងថា មានមនុស្ស១៣នាក់បានបាត់បង់ជីវិត នៅពេលដែលវត្តមួយបានដួលរលំនៅក្នុងភូមិមួយក្នុងសង្កាត់រ៉ាថេឌួង (Rathedaung) ភាគខាងជើងនៃទីក្រុងស៊ីតវេ (Sittwe) របស់រដ្ឋរ៉ាឃីន ហើយស្ត្រីម្នាក់បានបាត់បង់ជីវិត នៅពេលដែលអគារមួយបានរលំនៅក្នុងភូមិជិតខាង។

លោកកាឡូ (Karlo) មេភូមិប៊ូម៉ា (Bu Ma) ក្បែរក្រុងស៊ីតវេ បាននិយាយថា «អាចនឹងមានអ្នកស្លាប់ច្រើនថែមទៀតខណៈមនុស្សជាង១០០នាក់កំពុងបាត់ខ្លួននៅឡើយ»។

ចំណែកលោក អា ប៊ុល ហ៊ូ សុន (Aa Bul Hu Son) អាយុ ៦៦ ឆ្នាំបានអធិស្ឋាននៅឯផ្នូរកូនស្រីរបស់គាត់ ដែលសាកសពរបស់នាងត្រូវបានរកឃើញកាលពីព្រឹកថ្ងៃអង្គារ ម្សិលមិញ ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ខ្ញុំមិនមានសុខភាពល្អទេ មុនពេលព្យុះស៊ីក្លូន ដូច្នេះយើងត្រូវពន្យារពេលក្នុងការផ្លាស់ទីលំនៅទៅកន្លែងផ្សេង។ខណៈពេលដែលយើងកំពុងគិតអំពីការផ្លាស់ទីលំនៅ ព្យុះស្រាប់តែមកភ្លាមៗ ហើយនាំយើងទៅ»។

ម៉ូកា គឺជាឈ្មោះព្យុះស៊ីក្លូនដ៏មានឥទ្ធិពលបំផុតដែលបានវាយលុកតំបន់នេះក្នុងរយៈពេលជាងមួយទសវត្សរ៍ ដោយបក់បោកកម្ទេចភូមិ រំលំដើមឈើ និងផ្តាច់ខ្សែទូរស័ព្ទនៅទូទាំងរដ្ឋរ៉ាឃីន។

ប្រទេសចិនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើទំព័រ Facebook របស់មីយ៉ាន់ម៉ា៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *